
ស្វាយរៀង៖ នាព្រឹកថ្ងៃទី ១៨ សីហា ២០១៨នេះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ មណ្ឌលស្វាយរៀង កិច្ចប្រជុំបូកសរុបលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦មណ្ឌលស្វាយរៀង ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាចូលរួមយ៉ាងច្រើនកុះករ ។

នៅមណ្ឌលស្វាយរៀងនេះ មានអាសនៈចំនួន៥។ ខេត្តនេះមានប្រជាពលរដ្ឋប្រមាណ៨៧ភាគរយ បានទៅចូលរួមបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីជាង៣.៥សែននាក់។ គណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រច្រើនលើសលប់ រហូតឈ្នះទាំង៥អាសនៈនៅក្នុងខេត្តនេះ។
យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្ត ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលពី០៦ កន្លងទៅក្នុងខេត្តស្វាយរៀង មានភាពល្អប្រសើរបង្ករលក្ខណៈងាយស្រួលដល់ប្រជាជនទៅចូលរួមបោះឆ្នោតបានទាន់ពេលវេលា ហើយសភាពការណ៍សន្តិសុខនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមពុំមានអ្វីកើតឡើងគួរឱ្យគត់សម្គាល់នោះទេ នៅគ្រប់ការរិយាល័យ គឺបានដំណើរការប្រក្រតីរហូតដល់ចប់ការបោះឆ្នោត។


តាមលទ្ធផលនេះ គណបក្សប្រជាជនកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន បានទទួលសំឡេងគាំទ្រច្រើនលើសលប់នៅគ្រប់បណ្តារាជធានី/ខេត្ត គណបក្សកាន់អំណាច៥អាណត្តិជាប់ៗគ្នានេះ ទទួលបានសំឡេងគាំទ្រនាំមុខគេដាច់ បើធៀបនឹងគណបក្សនយោបាយទាំង១៩ផ្សេងទៀត ដែលចូលរួមក្នុងការបោះឆ្នោត៕
