ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ក្រសួងធនធានទឹក និងឧតុនិយម នេះ បានប្រកាសថា ដោយសារមានភ្លៀងច្រើន បង្កឲ្យជន់ហូរលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរគគី ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ស្ថានភាពបែបនេះ ត្រូវបានអាជ្ញាធរផ្អាកការធ្វើចរាចរណ៍ ឆ្លងកាត់ទីនោះជាបណ្តោះអាសន្ន។
ក្នុងនោះក្រសួង បានបញ្ជាក់ថា «បរិមាណទឹកភ្លៀងដែលបានធ្លាក់ច្រើននៅតំបន់ជួរភ្នំក្រវាញ បានបង្កឲ្យមានជំនន់ទឹកភ្លៀង ជន់ហូរកាត់ពីលើកំណាត់ផ្លូវជាតិលេខ៤ ថ្មីម្តងទៀត ត្រង់ចំណុចស្ពានអូរគគី (គម ១០៦-១០៧) ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ គិតត្រឹមម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ ចរាចរណ៍ឆ្លងកាត់នៅចំណុចខាងលើ ត្រូវបានអាជ្ញាធរផ្អាកជាបណ្តោះអាសន្នសិន»។