Monday, August 27, 2018

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលខ្សាច់ភ្នំ ១ខ្សែ ប្រវែង ២.៥០០ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង

ភក្ដី

(ស្វាយរៀង)៖ នាព្រឹកថ្ងៃចន្ទ ០១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលខ្សាច់ភ្នំ ១ខ្សែ ប្រវែង ២.៥០០ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតដែលនឹងលេចរូបរាងឡើង ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្អូនប្រជាពលរដ្ឋដែលបានស្នើសុំនាពេលកន្លងមក ហើយឯកឧត្ដមក៏សូមថ្លែងនូវការអរគុណចំពោះលោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយបានជួយឧបត្ថម្ភចំពោះការស្ថាបនាផ្លូវនេះ ដែលសរបញ្ជាក់ឲ្យឃើញពីវប្បធម៌ នៃការចែករំលែក និងការចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងក្រុងស្វាយរៀង ជាពិសេសក្នុងការដោះស្រាយ និងឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្ដីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានតម្រូវការក្នុងការប្រើប្រាស់ផ្លូវមួយខ្សែនេះ ។

ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ថា ចំពោះការស្ថាបនាផ្លូវនេះ មិនមែនជាគម្រោងចុងក្រោយនោះទេ ជាបឋមគឺយើងប្រែក្លាយពីផ្លូវដី មកជាផ្លូវក្រាលខ្សាច់ភ្នំ ហើយទៅថ្ងៃមុខខេត្តនឹងប្រែក្លាយពីផ្លូវក្រាលខ្សាច់ភ្នំទៅជាផ្លូវចាក់បេតុង ឬកៅស៊ូតែម្ដង ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការប្រើប្រាស់ផ្លូវ និងការដឹកជញ្ជូនផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ដែលចេះតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របទៅនឹងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ជាចុងបញ្ចប់ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់សង្ឃ័រទាំងអស់ ដែលកន្លងមកតែងតែចូលរួមសហការយ៉ាងល្អប្រសើរជាមួយអាជ្ញាធរសង្កាត់ក្នុងការអភិវឌ្ឍមូលដ្ឋាន និងសូមឲ្យបងប្អូនបន្តនូវវប្បធម៌ដ៏ប្រពៃនេះ ជាពិសេសក្នុងដំណើរការស្ថាបនាផ្លូវថ្មីឲ្យទទួលបានជោគជ័យតាមការគ្រោងទុក និងចូលរូមថែរក្សាដើម្បីធានាឲ្យប្រើប្រាស់បានគង់វង្សយូរអង្វែង ។ 

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានចែកជូនក្រុមប្រឹក្សាសង្កាត់ មេភូមិ និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ ចំនួន ១០០នាក់ ម្នាក់ៗទទួលបាន សារ៉ុង ១ ផងដែរ ៕

@Amapapa.News

Feature Ads