header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មិនគួរសោះ រឿងដែលពុំគួរកើត បែរជាកើតឡើង ចំពោះបុរសម្នាក់ សង្ស័យងងិតមុខ ឬក៏ជាន់ហ្វ្រាំងមិនស៊ីយ៉ាងណានោះទេ បានជាជិះម៉ូតូជ្រុលចង្កូតទៅបុកចំពីខាងក្រោយគោយន្ដពេញទំហឹង ដែលដឹកឫស្សីនៅពីខាងលើ បណ្ដាលឲ្យជង់ធ្លាយបំពង់ក ដួលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មបំផុត ក្នុងទិសដៅបើកស្របគ្នា ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់ ដែលបណ្ដាលឲ្យបុរសម្នាក់ ជិះម៉ូតូជ្រុលចង្កូតទៅបុកចំប្រលូញឬស្សី ដែលនៅពីលើគោយន្ដ បណ្ដាលឲ្យជង់ចំបំពង់កស្លាប់ភ្លាមៗ ខាងលើនេះ ជារឿងដែលពុំគួរកើតសោះ បែរជាបានកើតឡើងនៅល្ងាច ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ខាងត្បូងប៉ុស្តិ៍បាក់ខែង ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលបានឲ្យដឹងថា បុរសរងគ្រោះ បានជិះបើកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1F-1857 មានឈ្មោះ ផាត់ សុខលីន អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា ប្រជាពលរដ្ឋបានឃើញគោយន្តដែលដឹកឫស្សីពេញប្រៀប ជាមួយនឹងម៉ូតូរងគ្រោះ បានបើកស្របទិសគ្នា តាមបណ្តោយផ្លូវជាតិលេខ៦A ពីត្បូងទៅជើង ដោយគោយន្តបើកពីខាងមុខ ម៉ូតូបើកពីខាងក្រោយ ខណៈមកដល់ចំណុចកើតហេតុ សង្ស័យម្ចាស់ម៉ូតូជាជនរងគ្រោះ ងងឹតមុខ មើលមិនឃើញ ឬជាន់ហ្វ្រាំងមិនជាប់យ៉ាងណានោះទេ បានជាជ្រុលចង្កូតទៅបុកពេញទំហឹង ចូលចំពីក្រោយប្រលូញឫស្សី ដែលនៅពីលើគោយន្ដ បណ្តាលឲ្យមុតជង់ត្រង់បំពង់កធ្លាយទៅម្ខាង ដួលប្រកាច់ស្លាប់ភ្លាមៗគួរឲ្យញាក់សាច់បំផុត នៅកន្លែងកើតហេតុ ។

ទោះបីយ៉ាងណា ក្រោយពេលកើតហេតុ គេសង្កេតឃើញសមត្ថកិច្ចមូលដ្ឋាន សហការនឹងសមត្ថកិច្ចជំនាញ បានវាស់វែង និងសម្រេចយកគោយន្ដដឹកឫស្សី ជាមួយម៉ូតូរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធីនៅពេលក្រោយ ព្រមទាំងស្រាវជ្រាវភ្លាមៗ រកសាច់ញាតិជនរងគ្រោះឲ្យមកទទួលយកសាកសពទៅរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post