ភ្នំពេញៈ ស្ត្រីម្នាក់ មានវិបត្តិក្នុងគ្រួសារ បានផឹកស្រវឹង រួចវាយធ្វើបាបកូនស្រី អាយុ៨ឆ្នាំ ព្រមទាំងចាប់អូសដៃបម្រុងរត់ចូលរថយន្ត តែត្រូវបានប្រជាពលរដ្ឋឃើញទាន់នាំគ្នាជួយឃាត់ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកអន្តរាគមន៍។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១៖៣០នាទីយប់ នៅរង្វង់មូលចោមចៅ ភូមិថ្នល់បំបែល សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។
ស្ត្រីជាម្តាយឈ្មោះ ស្រឿន ចន្ធី អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ចំណែកកូនស្រី ឈ្មោះ សុខ ស្រីស្រស់ អាយុ៨ឆ្នាំ។
ប្រភពពីស្ត្រីម្នាក់ ដែលឃើញហេតុការណ៍ បានប្រាប់ថា មុនពេលកើតហេតុ គាត់បានមកអង្គុយហូបអាហារ នៅរង្វង់មូលចោមចៅ ស្រាប់តែឃើញស្ត្រីខាងលើ ក្នុងស្ថានភាពស្រវឹង ចុះពីលើកង់បី វាយកូនស្រីបណ្តាលឲ្យ ស្រែកយំផ្អើលអ្នកដំណើរ ព្រមទាំងចាប់អូសទាញដៃបម្រុងរត់ចូលរថយន្ត ពេលនោះត្រូវបានប្រជាពលរដ្ឋឃើញទាន់នាំគ្នាជួយឃាត់ រួចរាយការណ៍ឲ្យសមត្ថកិច្ចមូលដ្ឋានចុះមកអត្តរាគមន៍នាំមកប៉ុស្តិ៍ ដើម្បីសាកសួរ។
តាមសម្តីស្រ្តីខាងលើ បានឲ្យដឹងថា ដោយសារគាត់មានទម្ងន់កូនក្នុងពោះជិតគ្រប់ខែ អត់លុយ បានទៅរកខ្ចីលុយអ្នកស្គាល់គ្នា ដើម្បីទុកសម្រាលកូន តែខ្ចីគេមិនបាន ប្តីក៏ចុះចោលមានស្រីផ្សេងទៀត ដោយសារទលច្រកខ្លាំងពេក ទើបផឹកឲ្យស្រវឹងរួចគិតខ្លីចាប់ទាញដៃកូនស្រីបម្រុងរត់ចូលរថយន្ត ឲ្យបុកស្លាប់ទាំងអស់គ្នា តែត្រូវបានប្រជាពលរដ្ឋចាប់។
ពាក់ព័ន្ធករណីស្ត្រីខាងលើនេះ ក្រោយពីសមត្ថកិច្ចនាំយកមកដល់ប៉ុស្តិ៍នគរបាលចោមចៅ៣ បានរៀបចំកន្លែងឲ្យម្តាយ និងកូនស្រីដេកស្នាក់នៅសង្កាត់មួយយប់សិន រង់ចាំព្រឹកឡើងទើបឲ្យវិលត្រឡប់ទៅវិញ៕