ភ្នំពេញៈ នាយដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីកាំកុងត្រូល និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយមួយកន្លែង នៅក្នុងខណ្ឌឬស្សីកែវ រកឃើញប៊ីចេងមិនទាន់ច្រកជាង១៧តោន ឧបករណ៍វេចខ្ចប់ និងថង់សម្រាប់ច្រកប៊ីចេងគ្រប់ម៉ាកមួយចំនួនធំទៀត។
ប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ក្រោមការដឹកនាំផ្ទាល់របស់ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយ១កន្លែង ស្ថិតនៅផ្ទះលេខAB4-5 ផ្លូវ56R សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ម្ចាស់ទីតាំងផលិតឈ្មោះលោកស្រី សុខ វួចលីន អាយុ៤១ឆ្នាំ ជនជាតិខ្មែរ។
ប្រតិបត្តិការនេះទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយនេះដែរ សមត្ថកិច្ចបានដកហូភស្តុតាងរួមមាន ៖ ប៊ីចេងបាវសចំនួន ៣៥២បាវ ប៊ីចេងបាវគគីរចំនួន១២៥បាវ ប៊ីចេងរាយម៉ាក Win win ចំនួន ១៤០បាវ ប៊ីចេងច្រករួច(500g)ចំនួន៣២បាវ ប៊ីចេងច្រករួចម៉ាក Gold Cup ចំនួន៤៧កេស ប៊ីចេងរូបវែក(250g) ម៉ាស៊ីនដេរម៉ាត់បាវ ២គ្រឿង ម៉ាស៊ីនអ៊ុតម៉ាត់ថង់ ១គ្រឿង ម៉ាស៊ីនរុំខ្សែ និងកាត់ខ្សែចំនួន២គ្រឿង ជញ្ជីងថ្លឹង២គ្រឿង បាវរូបវែក៩៣បាវ និងប៊ីចេងរាយមិនទាន់វេចខ្ចប់មួយចំនួនទៀត សរុបទាំងអស់ប្រមាណ១៧តោន។
ក្រោយពីការត្រួតពិនិត្យ និងតាមការសម្រេចរបស់លោកព្រះរាជអាជ្ញារង សមត្ថកិច្ចបានដកហូត និងរក្សាទុកក្លុំបេបិទទីតាំងខាងលើ ហើយនាំខ្លួនម្ចាស់ទីតាំងមកសាកសួរនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច៕