
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ បានប្រគល់តំណែងស្ដីទីនេះឱ្យទៅកូនប្រុសច្បងសម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺឧត្តមសេនីយ ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នជាអគ្គមេបញ្ជាការរង នាយស្តីទីសេនាធិការចម្រុះ នៃក្រសួងការពារជាតិ។ នេះបើយោងតាមលិខិតចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។
នាយឧត្តមសេនីយ៍ សៅ សុខា បានពន្យល់ថា ការប្រគល់តំណែងនេះ គឺដោយសារតែលោកត្រូវទៅពិនិត្យជំងឺនៅប្រទេសសិង្ហបុរី នៅថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០១៨។
ឯកឧត្តម ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ធ្លាប់បានថាការផ្ទេរតំណែងស្ដីទីទាំងនេះ គឺជាការផ្ទេរការទទួលខុសត្រូវបណ្ដោះអាសន្ន ក្នុងពេលដែលនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃ ខេមរភូមិន្ទ (ខ.ភ.ម) នាយឧត្តមសេនីយ៍ គន់ គីម នាយសេនាធិការចម្រុះ នៃ ខ.ភ.ម និងនាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោក ដែលជាប់ភារកិច្ចឈរឈ្មោះជាតំណាងរាស្រ្តសម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៦ដែលបានបញ្ចប់ទៅកាលពីចុងខែកក្កដាកន្លងទៅនេះ។

កាលពីថ្មីៗកន្លងទៅនេះ ឧត្តមសេនីយ ហ៊ុន ម៉ាណែត បានចូលរួមធ្វើជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីថ្មើរជើង ឆ្នាំ២០១៨ ប្រកាសតែងតាំងមុខងារ និងបំពាក់ឋានន្តរសក្កិជូននាយទាហាន តំបន់ប្រតិបត្តិកាសឹករង ព្រះសីហនុ។
សូមរំលឹកថា នាយឧត្តមសេនីយ៍ មាស សុភា បានលាឈប់ពីបេក្ខភាពតំណាងរាស្ត្រជាប់ឆ្នោត ហើយទៅទទួលតំណែងមេបញ្ជាការកងទ័ពវិញ ចំណែក នាយឧត្តមសេនីយ៍ ប៉ុល សារឿន និង នាយឧត្តមសេនីយ៍ គន់ គីម នៅមិនទាន់មានព័ត៌មានពីការលាឈប់ពីតំណែងបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតនោះទេ។