header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នករត់ម៉ូតូកង់បីម្នាក់ និងបក្ខពួក៣នាក់ទៀត ត្រូវកម្លាំងប៉ុស្តិ៍នគរបាលជ័យជំនះ និងកម្លាំងព្រហ្មទណ្ឌខណ្ឌដូនពេញ បើកការស្រាវជ្រាវឈានដល់ការចាប់ខ្លួនបានបន្តបន្ទាប់ ក្រោយពេលពួកគេដឹកជនបរទេសទៅកន្លែងស្ងាត់ ដែលមានបក្ខពួកនៅចាំជាស្រេចរួចប្រើកាំបិតចុងស្រួងគំរាមប្លន់យកទ្រព្យសម្បត្តិជាប់ខ្លួនអស់ហើយព្យាយាមគេចខ្លួន បានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក៏ត្រូវជាប់អន្ទាក់ទាំងអស់គ្នាតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនសង្ស័យត្រូវបានបង្រ្កាបបានទាំង៤នាក់ជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី៣០ ខែសីហានេះ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពប្លន់លុយកាក់ របស់ជនបរទេស កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ២០Eo ផ្លូវលេខ១៥៤ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ប្រភពព័ត៌មានដដែល បានបន្តទៀតថា ក្រុមជនសង្ស័យទាំង៤នាក់ ទី១-ឈ្មោះ មឿន កី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួល នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (ជាមេក្លោង), ទី២-ឈ្មោះ ស៊ុ តុលា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅសង្លាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ, ទី៣-ឈ្មោះ នង ម៉ានិត ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ, ទី៤-ឈ្មោះ ផាត់ វិច្ឆ័យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា វត្ថុតាងចាប់យករួមមាន៖ ម៉ូតូកង់បី១គ្រឿង ជារបស់ជនសង្ស័យឈ្មោះ មឿន កី ។ ចំណែកជនរងគ្រោះឈ្មោះ Peter Johnbolt ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ ទេសចរណ៍ ស្នាក់នៅសណ្ឋាគារស៊ីវើរថោន ផ្លូវលេខ៦៣ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន បានបាត់បង់លុយ២៧០ដុល្លារ ចិញ្ជៀន១វង់ តម្លៃ១២០០ដូល្លារ និងនាឡិកាដៃ១គ្រឿង។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី៣០ ខែសីហា វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ជនបរទេសរងគ្រោះ បានហៅម៉ូតូកង់បី របស់ជនសង្ស័យឈ្មោះ មឿន កី ជិះក្នុងគោលបំណងទៅសណ្ឋាគារកន្លែងស្នាក់នៅ ពេលនោះស្រាប់តែជនសង្ស័យបានដឹកជនរងគ្រោះមកកន្លែងស្ងាត់ នៅចំណុចកើតហេតុ ដែលមានបក្ខពួកគេ៣នាក់ទៀត រងចាំជាស្រេច ពេលនោះជនរងគ្រោះបានលោតចុះពីម៉ូតូកង់បីរបស់ជនសង្ស័យ ក៏ត្រូវក្រុមជនសង្ស័យទាំងនោះ បានប្រើកាំបិតចុងស្រួចមកភ្ជង់គំរាមប្លន់យកទ្រព្យសម្បត្តិជាប់ខ្លួនអស់ហើយពួកគេក៏គេចបាត់អស់ទៅ។

សមត្ថកិច្ចបញ្ជាក់ទៀតថា ជនបរទេសរងគ្រោះ ក្រោយពីត្រូវក្រុមជនសង្ស័យប្លន់យកទ្រព្យសម្បត្តិអស់ហើយនោះ គាត់ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ជ័យជំនះ ហើយកម្លាំងនគរបាលប៉ុស្តិ៍ បានសហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌដូនពេញ បើកការស្រាវជ្រាវ លុះដល់រសៀលថ្ងៃដដែល ក៏ត្រូវបង្រ្កាបបានក្រុមជនសង្ស័យទាំង៤នាក់នោះ នាំមកសួរនាំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post