header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ការដាក់តាំងស្លាកយីហោ អាជីវកម្មដ្ឋាន កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានមើលឃើញថា មានម្ចាស់អាជីវកម្មដ្ឋាន ជាច្រើន បានដាក់តាំងស្លាកយីហោ អាជីវកម្មដ្ឋាន ជាភាសារបរទេស ដូចជាភាសាអង់គ្លេស ចិន និង កូរ៉េជាដើម ដោយគ្មានអក្សរខ្មែរ ឬអក្សរខ្មែរនៅពីខាងលើ តាមកាលកំណត់របស់ច្បាប់។

កន្លងមកនេះ ក្រសួងទេសចរណ៍ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចេញសារាចរណែនាំ អំពីការដាក់តាំងស្លាកយីហោអាជីវកម្មដ្ឋាននេះ ប៉ុន្តែនៅមានម្ចាស់អាជីវកម្មដ្ឋានមួយចំនួននៅមិនព្រមគោរព និងអនុវត្តតាម ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ពេលទុកឱ្យ២សប្តាហ៍ សម្រាប់ម្ចាស់អាជីវកម្មដ្ឋានទាំងអស់ ដែលដាក់តាំងយីហោជាភាសាអង់គ្លេស ចិន ធ្វើការកែប្រែ ដោយដាក់អក្សរខ្មែរ នៅខាងលើវិញ ហើយបើចង់ដាក់អក្សរបរទេស ត្រូវដាក់ខាងក្រោម និងមានទំហំតូចជាងអក្សរខ្មែរ១ភាគ២។

លោក ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំ ស្តីពី ការណែនាំ និងការលុបបំបាត់ ការប្រើប្រាស់ ការជួញដូរ និងការចែកចាយគ្រឿងញៀន តាមបណ្តាក្លឹបកម្សាន្ត និងអាជីវកម្មដ្ឋាន ក្នុងវិស័យទេសចរណ៍ ក្នុងរាជធានីភ្នំពេញ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ដោយមានម្ចាស់ និង តំណាងអាជីវកម្មដ្ឋាន ចូលរួមប្រមាណជិត៥០០នាក់។

លោក ហួត ហៃ បានបញ្ជាក់ថា បន្ទាប់ពីដាក់ឱសាន្តវាទនេះតទៅ នឹងចាត់ក្រុមការងារ ចុះពិនិត្យមើល បើរកឃើញថា ម្ចាស់អាជីវកម្មដ្ឋាន ណាមិនគោរព និងមិនអនុវត្តតាមនោះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងមានវិធានការផ្លូវច្បាប់។

ក្រៅពីនោះ លោក ហួត ហៃ ក៏បានជំរុ​ញឱ្យមានការស្នើសុំអាជ្ញាប័ណ្ណ សម្រាប់បង្កើតអាជីវកម្ម និងបន្តសុពលភាពសម្រាប់អ្នកដែលបានស្នើសុំរួចហើយ ឱ្យបានរួសរាន់ ដោយមកដាក់ពាក្យស្នើសុំនៅតាមច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ នៅអគារថ្មី និងត្រូវបង់កម្រៃទៅតាមច្បាប់កំណត់។ សម្រាប់ការស្នើសុំប្រកបអាជីវកម្ម និងសុំបន្តអាជីវកម្មនេះ រដ្ឋបាលរាជធានីភ្នំពេញបានកំណត់ទុករយៈពេល១ខែ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ១ខែក្រោយក្រុមការងារ នឹងចុះទៅត្រួតពិនិត្យអាជីវកម្មដល់ទីតាំងជាក់ស្តែង បើពុំមានលិខិតអនុញ្ញា ឬ អាជ្ញាបណ្ណទេ ម្ចាស់អាជីវកម្មទាំងនោះ ប្រឈមនឹងបិទទ្វារអាជីវកម្មតែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post