header ads

Sponsor

ពិសី

ភ្នំពេញៈ ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងក្លែងក្លាយ លោក មាច សុផាន់ណា បានថ្លែងថា គិតត្រឹមរយៈពេល៨ខែ ក្នុងឆ្នាំ២០១៨នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបង្រ្កាបបទល្មើសបានចំនួន៤០ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន១០នាក់។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសចំនួន៤ករណី ដែលគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានរឹបអូសជាវត្ថុតាំងចំនួនសរុប៨៨តោន នៅទីស្ដីការក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨នេះ លោក មាច សុផាន់ណា បានឲ្យដឹងថា “គិតពីដើមឆ្នាំ មកទល់ពេលនេះ គឺវត្ថុតាងករណីដែលសរុបហ្នឹង វាប្រហែលជាបេសកកម្មធំៗ ដែលយើងបានបង្រ្កាបមក វាចន្លោះពី៣០ ទៅ៤០ករណីហើយ”

លោកបន្តថា គណៈកម្មការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ មិនធ្វើការបង្រ្កាបនូវប្រភេទបទល្មើសតូចតាចឡើយ (លក់តាមកញ្ជ្រែង) ដោយការងារតូចៗនេះ គឺគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ប្រគល់ឲ្យមន្រ្តីកាំកុងត្រូលតាមតំបន់នីមួយៗ និងប៉ូលសេដ្ឋកិច្ចជាអ្នកធ្វើវិញ។

លោក មាច សុផាន់ណា អះអាងទៀតថា បច្ចុប្បន្នផលិតផលក្លែងក្លាយមានរាប់រយតោន ដែលគណៈកម្មាធិការបង្រ្កាបបាន។ ដោយជាក់ស្ដែង កាលពីពេលថ្មីៗនេះ នៅខេត្តកំពង់ស្ពឺកន្លងទៅ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងការដុតកម្ទេចចោលនូវផលិតផលក្លែងក្លាយទាំងនោះ (ពោះវៀនគោ យកមកធ្វើជាសាច់ក្រក បានលាយនូវសារធាតុគីមីជាច្រើនប្រភេទ)។

លោកបានបន្ថែមថា ចំពោះករណីនេះដែរ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏បានឃាត់ខ្លួនជនសង្ស័យជាង១០នាក់ បញ្ជូនទៅតុលាការ និង៩នាក់ផ្សេងទៀត ត្រូវបានកាត់ទោសបញ្ជូនទៅពន្ធធនាគាររួចហើយផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post