សៀមរាបៈ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានបើកប្រតិបត្តិការតាមបង្ក្រាប និងឃាត់ខ្លួនឃាតក ដែលកាន់កាំបិតចូលទៅអាករសម្លាប់បុរសចំណាស់ម្នាក់ដល់ក្នុងមុងបានហើយ ដើម្បីកសាងសំណុំរឿងបញ្ជូនតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់។
សមត្ថកិច្ចស្រុកសូទ្រនិគម បានឲ្យដឹងថា ក្រោយប្រព្រឹត្តជនល្មើសបានរត់គេចខ្លួនអស់រយៈពេល២០ម៉ោងទៅសម្ងំលាក់ខ្លួននៅភូមិគុត្តសត ឃុំគុត្ត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ប្រុងចេញទៅប្រទេសថៃ ប៉ុន្តែដោយសារមានការសហការល្អ និងយកចិត្តទុកដាក់ពីកម្លាំងស្នងការដ្ឋាននគរបាលបន្ទាយមានជ័យ និងអធិការដ្ឋានស្រុកអូរជ្រៅ រួមទាំងកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀម ព្រមទាំងមានការចង្អុលបង្ហាញពីលោកស្នងការរង និងជាប្រធានផែននគរបាលព្រហ្មទណ្ឌខត្តសៀមរាបផងនោះ ទើបឃាត់ខ្លួនឃាតកបានទាន់ពេលវេលា។
សូមរឭកថា មានការភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃអាទិត្យ ទី៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បន្ទាប់ពីបុរសវ័យចំណាស់ម្នាក់ ត្រូវបានយុវជនម្នាក់ ស្រវឹងស្រា ប្រើប្រាស់កាំបិតប៉័ងតោចូលទៅអារកសម្លាប់ ដល់ក្នុងមុង។
ជនរងគ្រោះ ឈ្មោះ ឈិត ខ្វាន់ អាយុ៥៥ឆ្នាំ មានទីលំនៅភូមិឃុំ កើតហេតុខាងលើ។ ចំណែកឃាតក ឈ្មោះ អ៊ុច ចាន់ណា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិឃុំជាមួយ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យនិងជនរងគ្រោះ មិនដែលមានទំនាស់អ្វីនិងគ្នានោះទេដោយមុនពេលកើតហេតុ ជនសង្ស័យស្រវឹងស្រា មានសតិមិនគ្រប់ផងនោះ ទើបបង្កឲ្យកើតមានរឿងឃាតកម្មអារកសម្លាប់ភ្លាមៗតែម្តង៕