header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រិយមិត្តប្រាកដជាជ្រាបពីខ្សែជីវិតដ៏កម្សត់របស់តារាចម្រៀងវ័យក្មេង និងជាម្ចាស់ជយលាភីពានរង្វាន់ The Voice Kids Cambodia រដូវកាលដំបូង ពេជ្រ ថៃ ហើយថា ប្អូនបានរស់នៅជាមួយនឹងលោកយាយតាំងពីតូចរហូតដល់ធំដឹងក្តី មានការគិតជ្រៅជ្រះអ្នកណាក៏សរសើរ ស្របពេលរូបគេមិនសូវទទួលបានភាពកក់ក្តៅពីឪពុកម្តាយអស់រយៈពេលជាច្រើនឆ្នាំ។

យ៉ាងណាមិញ ក្នុងរយៈពេលជាច្រើនឆ្នាំ ទោះបីមិនសូវបាននៅជិតម្តាយ ប៉ុន្តែ ពេជ្រ ថៃ មានការចេះដឹង និយាយស្តីដឹងខុសត្រូវ មិនចាញ់មនុស្សធំនោះទេ។ ទាំងនេះ បានដោយសារតែលោកយាយជាទីស្រឡាញ់របស់គេ បង្ហាត់បង្រៀនណែនាំឲ្យដើរផ្លូវល្អ។

ជាក់ស្តែង បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់តារាវ័យក្មេងរូបនេះ កាលពីវេលាម៉ោង៩៖២០នាទីយប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ បានសរសេរសារយ៉ាងក្រៀមក្រំបំផុត ដោយបង្ហោះយ៉ាងដូច្នេះថា “លោកយាយខ្ញុំបានមរតណៈភាពសូមជូនពរលោកយាយឪ្យទៅបានសេចក្ដីសុខចៅសុំជួបគ្រប់ៗជាតិ”

ជាមួយគ្នា ពេជ្រ ថៃ ក៏បានបង្ហោះសារកំណាព្យមួយ ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែល ពេជ្រ ថៃ បានតែងដោយខ្លួនឯង ជូនទៅលោកយាយជាទីស្រឡាញ់ ដែលគេតែងហៅថា «ម៉ែចាស់»។ «ម៉ែចាស់» កាលពីយប់ថ្ងៃទី៦ ខែសីហា​ ឆ្នាំ២០១៨ម្សិលមិញនេះ «ម៉ែចាស់» របស់ ពេជ្រ ថៃ បានទទួលមរណភាព​ ក្នុ​ង​ជន្មាយុ​៧៧ឆ្នាំ ដោយ​ជរាភាព ដែលធ្វើឲ្យ​ ពេជ្រ ថៃ ទ្រហោយំឱបសពយាយនឹកទាំង​អាឡោះអាល័យចំពោះម៉ែចាស់យ៉ាងខ្លាំង។

ឆ្លៀតក្នុងឱកាសនេះ អង្គភាពសារព័ត៌មាន Cam Post (​ខេម ប៉ុស្តិ៍) សូមលើកយកជីវប្រវត្តិពិតរបស់ ពេជ្រ ថៃ ​ចែករំលែក​ជូនប្រិយមិត្តឲ្យជ្រាបជាដំណឹងថា ពិត​ជា​កម្សត់​ណាស់ ព្រោះ ពេជ្រ ថៃ ត្រូវ​ឪពុក​ម្ដាយ​ទៅ​ធ្វើការ​​នៅ​ប្រទេស​ថៃ ​ចោល​បាត់ ហើយដោយសារ​ឪពុក​មាន​ឈ្មោះ ពេជ្រ ទើប​មានកូន​ដាក់​ឈ្មោះ ពេជ្រ ថៃ ដើម្បី​រំឭក​ពី​ជីវិត​តស៊ូ។

លោក​យាយ ហូ ហុម ដែល​មាន​អាយុ៧៧ឆ្នាំ​ទៅ​ហើយ និង​កំពុង​រស់នៅភូមិជ្រៃ១ ឃុំជ្រៃ ស្រុកមោងប្ញស្សី ខេត្ត​បាត់​ដំបង គឺ​ជា​ជីដូន​បង្កើត​របស់កុមារ ពេជ្រ ថៃ ហើយ​ក៏​ជា​អ្នក​ចិញ្ចឹម​បី​បាច់​ថែរក្សា​កុមារ​នេះ​ឲ្យ​ធំ​ដឹង​ក្ដី រហូត​បាន​ចូល​ប្រឡង​ចម្រៀង​កម្មវិធី​លំដាប់​ថ្នាក់​ពិភពលោក The Voice Kids Cambodia។

កាលនៅរស់លោក​យាយធ្លាប់​ប្រាប់ថា កូន​ស្រី​ទី២ របស់​លោក​យាយ មាន​ជីវភាព​ខ្វះ​ខាត​ខ្លាំង ត្រូវ​ពឹង​លើ​កម្លាំង​រក​ស៊ី និង​ធ្វើ​ការ​ដល់​ប្រទេស​ថៃ​ឯណោះ។ កូន​ស្រី​ទី២ របស់​លោក​យាយ​នេះ បង្កើត​បាន​កូន២​នាក់ ដោយ​ក្នុង​នោះ ​កូន​ស្រី​ច្បង​មាន​ប្ដី​ហើយ នៅ​ឡើយ ពេជ្រ ថៃ ជា​ក្មេង​រៀន​ថ្នាក់​ទី៧ ហើយ​ក៏​ជា​ក្មេង​កម្សត់ ដែល​មិន​បាន​ជួប​ឪពុក​ម្ដាយ​ច្រើន​ ដូច​ក្មេង​ដទៃ​ឡើយ។

មុន​កើត ពេជ្រ ថៃ ប្ដី​ប្រពន្ធ​ដ៏​ក្រខ្សត់(ឪពុកម្ដាយ ពេជ្រ ថៃ) បាន​នាំ​គ្នា​ផ្សង​ព្រេង​ទៅ​ធ្វើ​ការ​នៅ​ថៃ លុះ​មាន​ផ្ទៃ​ពោះ ទើប​ត្រឡប់​មក​ស្រុក​វិញ។ បានត្រឹម៣​ថ្ងៃ​ប៉ុណ្ណោះ ក៏​បង្កើត​បាន​កូន​ប្រុស​ម្នាក់ ប៉ុន្តែ​បំណាច់​កើត​មក​ជា​អ្នក​ក្រ ត្រូវ​ប្រឹង​ត្រដរ​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ថៃ​វិញ ​ទាំង​កូន​ខ្ចី គឺ​ក្រោយ​បង្កើតកូន​បាន១០​ថ្ងៃ​ប៉ុណ្ណោះ។ ចំណែក ពេជ្រ ថៃ នៅ​ជាមួយ​ជីដូន រហូតធំ​ធាត់​ដោយ​គុណ​ទឹក​ដោះ​គោ។

ដោយ​សារ​ជីវិត​កម្សត់របស់ឪពុក​ឈ្មោះ ពេជ្រ និង​រំឭក​ទៅ​ដល់​វាសនា​កម្មករ​នៅ​ប្រទេសថៃ ដែល​អាច​ប្រសូត​បាន​កូន​ប្រុស​ជា​តំណក់​ឈាម ទើបគ្រួសារ​សម្រេច​ដាក់​ឈ្មោះ ពេជ្រ ថៃ។ លោក​យាយ ហូ ហុម បាន​ប្រាប់​ទៀត​ថា ចៅ​ប្រុស​របស់​លោក​យាយ លុះ​ធំ​ដឹង​ក្ដី ក៏​កើត​ការ​នឹក​រឭក​ដល់ឪពុក​ម្ដាយ និង​ត្រាប់​សំឡេង​តាម​លោក​តា ស៊ីន ស៊ីសាមុត រហូត​ច្រៀង​បាន​យ៉ាង​កម្សត់​តាម។

ដោយ​ឃើញ​មាន​ពេទ្យកោសល្យ(ដុង) ទាំង​គ្មាន​ជាប់​សែ​ស្រឡាយ​អ្នក​សិល្បៈ​បែប​នេះ លោក​យាយក៏​ជំរុញ​បន្ថែមឲ្យ​រៀន​សូត្រ​កាន់​តែ​ខ្ពស់ ចេះ​ដឹង​ខុស​ត្រូវ ចេះ​គោរព​ចាស់​ទុំ។ ក្រោយ​មក​ មាន​ការ​ប្រកាស​ប្រឡង The Voice Kids Cambodia លោក​យាយ​ក៏​បាន​រក​អ្នក​ជួយ​ចូក​ជួយ​ចែវ ដាក់​ឈ្មោះ​ប្រឡង និង​ល្បី​ឈ្មោះ​ដូច​រាល់​ថ្ងៃ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post