header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ឃាត់ខ្លួន ក្រោយពីបានបង្កហិង្សាយកកូនកាំបិតភ្ជង់គំរាមស្ត្រីម្នាក់យកទ្រព្យសម្បត្តិ កាលពីវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្បែរស្រះចិញ្ចឹមត្រី ផ្លូវលំ ក្រុមទី៣០ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រហូតដល់វេលាម៉ោង២រសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ុ ភាន ហៅរ៉ា ហៅញ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២១ ផ្លូវលំ ក្រុមទី២១ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន) ។

ចំណែកជនរងគ្រោះ ជាមនុស្សស្រី មានអាយុ២៧ឆ្នាំ មុខរបរជាងអ៊ុតសក់ នៅផ្សារតាខ្មៅថ្មី ។

ក្នុងនោះដែរ សម្ភារៈបាត់បង់រួមមាន ៖ ទូរសព្ទដៃចំនួន២គ្រឿង ម៉ាក IPhone និងលុយខ្មែរចំនួន៨០,០០០រៀល ។ រីឯវត្ថុតាងដែលបន្សល់ទុករួមមាន៖ ម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ក្រហម ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FW-7441 និងកាបូបស្ពាយ ពណ៌ស្លែចំនួន១ ។

លោក​ វុឌ្ឍ​ ផូសារវ័ន្ត​ នាយប៉ុស្កិ៍នគរបាលចាក់អង្រែក្រោម​ បានប្រាប់ឲ្យភ្នាក់ងារ​ខេមប៉ុស្តិ៍​​ដឹងថា​ នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០៨:៣០នាទីយប់ នារីម្នាក់ជាម្ចាស់ម៉ូតូ បានយកម៉ូតូម៉ាក Scoopy ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ 1FW-7441 ឌុបជនសង្ស័យពីកន្លែងផឹកនៅផ្ទះជួល ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មកអង្គុយលេងមុខសាកលវិទ្យាល័យIIC ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ។

ពេលនោះជនរងគ្រោះ ត្រូវជាមិត្តភក្តិរបស់នារីម្ចាស់ម៉ូតូបានមកដល់ ហើយនារីម្ចាស់ម៉ូតូ បានឲ្យម៉ូតូរបស់នាងម៉ាក Scoopy ពណ៌ក្រហម ទៅជនរងគ្រោះដើម្បីជូនសង្ស័យមកផ្ទះជួល លុះធ្វើដំណើរមកដល់ចំណុចក្បែរស្រះចិញ្ចឹមត្រី ខណៈផ្លូវមានសភាពស្ងាត់ ទើបជនសង្ស័យបានធ្វើសកម្មភាពយកកូនកាំបិតគំរាម នារីរងគ្រោះ រួចយកម៉ូតូរបស់នារីម្ចាស់ម៉ូតូ និងយកកាបូបស្ពាយ ពណ៌ស្លែ ដែលមានទូរសព្ទ២គ្រឿង និងលុយ ៨០,០០០រៀល គេចខ្លួនបាត់ ។ លុះដល់ម៉ោង៤ទៀបភ្លឺ ជនសង្ស័យបានជិះម៉ូតូ Scoopy ដែលប្លន់បាននោះ ទៅទុកនៅផ្ទះជួលរបស់នារីម្ចាស់ម៉ូតូវិញ ។ លុះដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម កំពុងល្បាតបានប្រទះឃើញជនសង្ស័យកំពុងឈរតាមផ្លូវ ទើបឃាត់ខ្លួនយកមកសាកសួរតែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម សាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post