header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីប្រជាពលរដ្ឋ មានការងឿងឆ្ងល់ ចំពោះការដោះលែងទណ្ឌិតចេញពីពន្ធនាគារ ក្នុងរូបភាពទ្រង់ទ្រាយធំ ជាពិសេសសុទ្ធសឹងអ្នកពាក់ព័ន្ធលើបញ្ហានយោបាយនាពេលកន្លងមកនោះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី លោក ផៃ ស៊ីផាន បានលើកឡើងថា មានតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តែមួយរូបគត់ ដែលមានបុព្វសិទ្ធិស្នើសុំព្រះរាជទានទោសទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោសអ្វីមួយ។

ប៉ុន្មានថ្ងៃនេះ មានអ្នកទោសនយោបាយជាច្រើន បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ជួយអន្ដរាគមន៍ ដើម្បីស្នើទៅព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោសឲ្យមានសេរីភាព រួមមាន លោក គឹម សុខ, លោកស្រី ទេព វន្នី និងមនុស្សមួយចំនួនទៀត, លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ី, លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ, លោក អ៊ុ សំអាន មន្ដ្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ, លោក មាជ សុវណ្ណរ៉ា មន្ត្រីជាន់ខ្ពស់ និងសកម្មជនបក្សសង្គ្រោះជាតិ១៣នាក់ទៀត។

យោងតាមទំព័រហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ បានសរសេរថា “អំណាចរបស់នាយករដ្ឋមន្រ្តីតែមួយគត់ ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ គឺមានតែសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មួយរូបគត់ ដែលមានបុព្វសិទ្ធិក្នុងកិច្ចស្នើសុំព្រះរាជទានទោសទៅព្រះមហាក្សត្រ”

លោកបន្ដថា ផ្អែកទៅលើអំណាចរដ្ឋ និងការថ្លឹងថ្លែងនៃដំណើរការរដ្ឋ ដែលរាជរដ្ឋាភិបាល យល់ឃើញថា ស្ថានភាព សណ្ដាប់ធ្នាប់សាធារណៈ សន្តិភាព និងស្ថេរភាព នៅក្នុងការគ្រប់គ្រង ដែលជាការទទួលខុសត្រូវផ្តាច់មុខរបស់រាជរដ្ឋាភិបាល ស្ថិតក្នុងការគ្រប់គ្រង និងរក្សាប្រក្រតីភាពរបស់នីតិរដ្ឋ។ លោកថា ផ្អែកទៅលើមូលដ្ឋានគុណធម៌ និងសីលធម៌ របស់សម្តេចតេជោ បានស្នើសុំទៅព្រះមហាក្សត្រ ដើម្បីព្រះរាជទានទោស។

អ្នកនាំពាក្យបញ្ជាក់ថា ជាទម្លាប់ ទណ្ឌិតត្រូវបានព្រះរាជទានទោសតាមសំណើរបស់នាយករដ្ឋមន្រ្តី ដែលចេញពីការផ្តល់យោបល់របស់គណៈកម្មការវាយតម្លៃទៅលើគុណសម្បត្តិរបស់ទណ្ឌិតទាំងអស់នោះ តែងតែធ្វើឡើងនៅក្នុងពិធីបុណ្យប្រពៃណីជាតិ។

គួរបញ្ជាក់ថា ក្នុងរយៈពេលពីរសប្តាហ៍នេះ ព្រះមហាក្សត្រ បានព្រះរាជទានលើកលែងដល់អ្នកទោសនយោបាយ និងសកម្មជនមួយចំនួន តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន រួមមានលោក គឹម សុខ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ, លោកស្រី ទេព វន្នី សកម្មជនដីធ្លីបឹងកក់ និងសហការីចំនួន៣នាក់, លោក អ៊ុ សំអាន សមាជិករដ្ឋសភាអតីតគណបក្សសង្គ្រោះជាតិ, អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ចំនួន២នាក់, លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ និងជាចុងក្រោយនេះ គឺលោក មាជ សុវណ្ណារ៉ា និងសកម្មជនទាំង១៣នាក់ផ្សេងទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post