ខេត្តកំពង់ស្ពឺ ៖ ទាក់ទងនឹងការការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នេះ នៅខេត្តកំពង់ស្ពឺ មានមណ្ឌលប្រឡងចំនួន១០ អ្វីដែលចម្លែកនោះ គឺនៅមណ្ឌលបឋមសិក្សាវល្លិស បន្ទប់លេខ១៣ ដែលជាមណ្ឌលមួយស្ថិតក្នុងខេត្តកំពង់ស្ពឺ មានតែបេក្ខជនម្នាក់គត់ចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ ខណៈដែលឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចុះពិនិត្យផ្ទាល់ទៀតផង ធ្វើឲ្យមានអ្នកលេងហ្វេសប៊ុកជាច្រើនមានការចាប់អារម្មណ៍ និងត្រូវបានងឿងឆ្ងល់។
បេក្ខជនខាងលើនេះ មាន ឈ្មោះ សេម វិចិត្រ អាយុ១៩ឆ្នាំ រស់នៅភូមិក្រាំងខ្នង ឃុំស្តុក ស្រុកគងពិសី រូបគេរៀននៅវិទ្យាល័យទ័ពមានជ័យ មានមិត្តភក្តិរួមថ្នាក់ធម្មតា ហើយពេលប្រឡងឌីប្លូមក៍មានការប្រឡងធម្មតា បន្ទប់១ មានបេក្ខជន២៥នាក់ ដូចគេដែរ តែដោយឡែកប្រឡងបាក់ឌុបនេះរូបគេត្រូវបានដាក់ឲ្យប្រឡងតែម្នាក់ឯង ។
ថ្លែងប្រាប់អ្នកសារព័ត៌មានថា បញ្ហានេះរូបគេមិនមានការតូចចិត្តនោះទេ បើទោះបីជារូបគេជាមនុស្សពិការ (ជើងឆ្វេង) និងមានជំងឺសើស្បែកទៀតនោះ ហើយរឿងដែលគ្រូៗដាក់ឲ្យគេប្រឡងបន្ទប់០១ ម្នាក់ឯង គឺត្រូវបានមហាជនលើកឡើងថា ទំនងជាគេរើសអើង ដោយសារជំងឺសើស្បែករបស់គេហើយមើលទៅ បានជាគេត្រូវអង្គុយប្រឡងម្នាក់តែឯងបែបនេះ ។
ប៉ុន្តែបើតាមប្រធានមន្ទីរអប់រំ បានថ្លែងប្រាប់ថា យ៉ាងដូច្នេះថា បានជាគេដាក់ឲ្យបេក្ខជនរូបនេះប្រឡងបន្ទប់០១ម្នាក់ឯង គឺដោយសារតែបេក្ខជនរូបនេះ គេជ្រើសរើសយកភាសាបារាំង ។
ទោះជាយ៉ាងណា ការលើកឡើងរបស់លោកប្រធានមន្ទីរបែបនេះ គឺត្រូវបានបេក្ខជន សេម វិចិត្រ ច្រានចោល ដោយឆ្លើងតបថា គាត់ប្រឡង០៧មុខវិជ្ជា ហើយការប្រឡងនេះ គឺគាត់ជ្រើសរើសយកភាសាអង់គ្លេស ដូចនឹងបេក្ខជនផ្សេងដទៃទៀតដែរ ។
ទោះបីជាការប្រឡងយ៉ាងនេះក្ដី ក្ដីសង្ឃឹមរបស់បេក្ខជនរូបនេះ គឺមានរហូតដល់ទៅ ៧០ភាគរយឯណោះ ថានឹងជាប់ ៕