អតីតអគ្គមេបញ្ជាការរងកងទ័ពជើងគោក នាយឧត្តមសេនីយ៍ មាស សុភា បានលាឈប់ពីបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ហើយវិលត្រឡប់ទៅកាន់តំណែងដើមរបស់លោកវិញ។ យោងតាម លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
នាយឧត្តមសេនីយ៍ មាស សុភា ដែលបានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាប្រចាំនៅមណ្ឌលខេត្តព្រះវិហារនោះ នឹងវិលត្រឡប់ទៅកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោកវិញ បន្ទាប់ពីលោកលាលែងពីតំណែងតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ។
ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននិយាយថា តំណែងតំណាងរាស្ត្រតែមួយគត់របស់មណ្ឌលខេត្តព្រះវិហារ នឹងត្រូវប្រគល់ទៅបេក្ខជនម្នាក់ទៀតដែលឈរនៅលេខរៀងបន្ទាប់ពីលោក មាស សុភា។
សូមបញ្ជាក់ថា លោក សួស យ៉ារ៉ា ជាបេក្ខជនបម្រុងលេខរៀងទី១ នៅមណ្ឌលខេត្តព្រះវិហារ ត្រូវបានជំនួសលោក មាស សុភា។
ចំណែកលោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា៖ ការលាលែងពីបេក្ខជនតំណាងរាស្ត្ររបស់លោកនាយឧត្តមសេនីយ៍ មាស សុភា គឺនៅមិនទាន់ដឹងថាគាត់នឹងត្រូវមកកាន់តួនាទីអ្វីនៅឡើយទេ គឺជាក់ស្តែងរង់ចាំការប្រកាសរដ្ឋាភិបាលថ្មី។
សូមរំលឹកថា៖ នាយឧត្តមសេនីយ៍ មាស សុភា និងថ្នាក់ដឹកនាំជាន់ខ្ពស់យោធា ២រូបទៀតគឺ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងទ័ព និងនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងកងទ័ព និងជានាយសេនាធិការចម្រុះនៃកងទ័ពផងនោះ បានដាក់ពាក្យព្យួរតំណែងរបស់ខ្លួន ដើម្បីឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រសម្រាប់ការបោះឆ្នោតនីតិកាលទី៦ ដែលបានប្រព្រឹត្តទៅកាលពីចុងខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ។