ត្បូងឃ្មុំៈ បុរសម្នាក់ ក្នុងចំណោមមនុស្ស៥នាក់ ខណៈដឹកអុសតាមទូកពីត្រើយម្ខាងស្រុកឆ្លូង ខេត្តក្រចេះ មកដល់នៅចំណុចវាលស្រែចក ចម្ងាយ១៥០០ម៉ែត្រ ពីភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានលិចទូក បណ្ដាលឲ្យលង់ទឹកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋក្នុងភូមិ និងរាយការណ៍មកសមត្ថកិច្ចកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។
បើយោងតាមប្រភពកន្លែងកើតហេតុបានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុនោះម៉ោងប្រមាណជា៧និង៣០នាទី ជនរងគ្រោះ និងគ្នីគ្នា៤ នាក់ទៀត បាននាំគ្នាជិះទូកមួយគ្រឿងឆ្លងទៅរកអុសនៅត្រើយម្ខាងក្នុងទឹកស្រុកឆ្លូង ខេត្តក្រចេះ ។ លុះរហូតម៉ោង១១និង៣០នាទី នាថ្ងៃ.ខែ.ឆ្នាំដដែល ពូកគេរកអុសបានច្រើនល្មមគ្រប់គ្រាន់ ក៏បបួលគ្នាលើកអុសនោះដាក់លើទូក រួចក៏ឡើងទូកទាំងអស់គ្នាអុំទូកឆ្លងមកវិញ ប៉ុន្តែជាអកុសលលុះមកដល់ចំណុចកើតហេតុខាងលើទូកនោះ ក៏បានលិចបាត់ទៅក្នុងទឹកតែម្តង បណ្តាមកពីដាក់អុស និងឡើងជិះទូកលើសចំណុះ ។
ប្រភពដដែលបានបន្តទៀតថា ខណៈដែលទូកនោះលិចពួកគេបានខំប្រឹងប្រែងហែលទឹក និងស្រែកឲ្យប្រជានេសាទក្បែរនោះគេជួយ។ ប៉ុន្តែប្រជានេសាទជួយសង្គ្រោះបានតែមនុស្ស៤ នាក់ប៉ុណ្ណោះ ចំណែកជនរងគ្រោះនោះមិនចេះហែលទឹកទេ ទើបធ្វើឲ្យលិចទៅក្នុងទឹកលង់ស្លាប់តែម្តង ។
ជនរងគ្រោះដែលលង់ទឹកស្លាប់នោះឈ្មោះ យូ ភា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នត្រូវបានក្រុមគ្រួសារយកសាកសពនៅគេហដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពណីជាតិខ្មែរ៕