header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក សោម សូរីដា មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភា សម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦នេះ។

អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា បានឲ្យដឹងនៅ​មុននេះបន្តិចថា តាមការសម្រេ ចរបស់ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអា ណត្តិទី៦ នៅម៉ោង៧យប់ថ្ងៃទី១៥ សីហា ឆ្នាំ២០១៨នេះ។

លោកបានបញ្ជាក់ថា ការប្រកាសលទ្ធផលផ្លូវការ គ.ជ.ប នឹងប្រកាសលទ្ធផលចំនួនបីជាមួយគ្នាតែម្តង ក្នុងពេលតែមួយ។ ក្នុងនោះមានទី១.លទ្ធផលនៃការទទួលបានសំឡេងឆ្នោតរបស់ គណបក្សនយោបាយនីមួយៗ ទី២.ចំនួនអាសនៈរបស់គណបក្សនីមួយៗទទួលបាន និង ទី៣. ប្រកាសពីបេក្ខជនជាប់ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

ជាមួយគ្នានោះដែរ លោក សោម សូរីដា ក៏បានឲ្យដឹងថា សម្រាប់អាណត្តិទី៦ នៃរដ្ឋសភានេះមានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះទទួលបានអាសនៈ ឬកៅអី ចំណែកគណ បក្សនយោបាយចំនួន១៩ទៀតមិនបានទទួលអាសនៈនៅក្នុងសភានោះទេ។

លោក សោម សូរីដា ក៏បានគូសបញ្ជាក់ថា «តាមអ្វីដែល គ.ជ.ប សម្រេចពីព្រឹកមិញនេះ មាន តែគណបក្សប្រជាជនកម្ពុជាទេ ទទួលបានអាសនៈ១២៥ នៅក្នុងរដ្ឋសភា ចំណែកគណបក្សផ្សេងមិនបានទទួលទេ »

ចំពោះអាសនៈនៅក្នុងរដ្ឋសភានេះដែរ ត្រូវបានលោកអគ្គរង គ.ជ.ប ថា គណបក្សនយោបាយមិនអាចធ្វើការបែងចែកទៅឲ្យគណបក្សនយោបាយផ្សេងទៀត ដែលមិនទទួលបានទេ។ លោកក៏គូសបញ្ជាក់ឲ្យដឹងដែរថា «ករណីនេះ មិនអាចធ្វើបានទេ ចំពោះការបែងចែងអាសនៈទៅឲ្យបក្សដទៃ តែអាចធ្វើទៅបានក្នុងករណីតែគណបក្សប្រជាជនកម្ពុជាខ្វះបេក្ខជន ដែលទទួលយកអាសនៈនៅក្នុងរដ្ឋសភា។ តែចំណុចនេះមិនមែនខ្វះទេ» ។

លោក សោម សូរីដា ក៏បានលើកឡើងថា នៅក្នុងច្បាប់ជ្រើសតាំងអ្នកតំណាងរាស្ត្រ បានចែងថា គណបក្សនយោបាយណាមួយទទួលបានអាសនៈត្រូវតែទទួលយកអាសនៈ គាត់គ្មាន សិទ្ធិរំលែងអាសនៈ ដែលកើតចេញពីឆន្ទៈរាស្ត្រឲ្យគណបក្សណាផ្សេងទេ។ លុះត្រាតែមានករណីខ្លះនៅត្រង់ចំណុច «ឃ» ឬ«ង»នៃមាត្រា១៣៥ច្បាប់ស្តីពីការជ្រើសតាំងអ្នកតំណាងរាស្ត្រ ឬស្ថិតនៅក្នុងមាត្រា៣៨ ឬមាត្រា ៣៨ផ្ទុន នៃច្បាប់ស្តីពីការជ្រើសតាំងអ្នកតំណាងរាស្ត្រ ឬច្បាប់ស្តីពីការធ្វើវិសោធនកម្ម នៃច្បាប់ជ្រើសតាំងអ្នកតំណាងរាស្ត្រ។

យ៉ាងណាក្តីលោកអគ្គរង​គ.ជ.ប ក៏បានឲ្យដឹងថា គណបក្សនយោបាយអាចចែកបាន លុះត្រាតែខ្វះបេក្ខជនក្នុងការបំពេញបន្ថែម ដើម្បីទទួលបានអាសនៈ ហើយគាត់មិនអាចបំពេញបន្ថែមបាន ទើបចែងឲ្យបក្សផ្សេងបាន។

លោកថា គ.ជ.ប អាចធ្វើការបែងចែកអាសនៈបាន លុះត្រាតែគណបក្សនយោបាយណា ដែលមិនប្រកាសទទួលយកអាសនៈ ឬមិនចូលប្រជុំសភា ដើម្បីប្រកាសសុពលភាពតាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រនៅសម័យប្រជុំ លើកដំបូង ឬចូលស្បថចូលកាន់ដំណែង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post