header ads

Sponsor

ពិសី

ភ្នំពេញៈ បុរសម្នាក់ ស្រវឹងស្រាជោកជាំ បើករថយន្តកាមរីបាឡែន ទៅបុករទេះលក់ប្រហិត  ហើយមិនឈប់ទទួលខុសត្រូវ បែរជាបើករថយន្តរត់គេច តាំងពីមុខវត្តសំរោងអណ្តែត តាមផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ហើយរថយន្តបង្កបើករត់ចេញទៅដល់ កែងផ្លូវហាណូយ ជនរងគ្រោះដេញតាមទាន់ ស្រែកឲ្យគេជួយឃាត់បាន តែត្រូវបានភាគីខាងរថយន្តបង្ក ហៅបក្ខពួកជាមន្រ្តីយោធា ពាក់ស័ក្តិ៤កន្លះ បើករថយន្តព្រូសមកដល់ កើតជាប្រទូស្តរ៉ាយគ្នា ឈានដល់មន្រ្តីយោធារូបនោះ យកកាំភ្លើងខ្លីមកវាយចំសៀតថ្កាជនរងគ្រោះ បណ្តាលឲ្យបែកហូរឈាម សមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់នាំខ្លួនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ។

ជនរងគ្រោះឈ្មោះ យ៉ែម វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ប្រហិតតាមរទេះ ស្នាក់នៅផ្ទះជួល ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិកំពង់លាវ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង។

ចំណែកជនបង្កគ្រោះថ្នាក់ចរាចរណ៍ មិនស្គាល់ឈ្មោះ បើកបររថយន្តកាមរី​បាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AB- 4119 ។ រីឯជនបង្កដកកាំភ្លើងវាយលើជនរងគ្រោះ ជាមន្រ្តីយោធា មានឋានន្តរសក្តិវរសេនីយ៍ទោ បើកបររថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-6485។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តកាមរីបាឡែន អ្នកបើកបរស្រវឹងស្រាជោគ បើកពីលិចទៅកើត ដល់ចំណុចមុខវត្តសំរោងអណ្តែត ជ្រុលចង្កូតទៅបុករទេះប្រហិត ខ្ទាតខ្លាញ់រលាកអ្នកលក់ និងអ្នកទិញម្នាក់ ហើយរថយន្តបង្កមិនបានឈប់ និយាយគ្នា ទទួលខុសត្រូវឡើយ បែរជា​ព្យាយាមបើករត់ ចេញទៅដល់ក្លោងទ្វារវត្ត សំរោងអណ្តែត កែងផ្លូវហាណូយ ទើបជនរងគ្រោះដេញតាមទាន់ ស្រែកឲ្យគេឯងជួយគាត់ កើតជាជម្លោះសម្តី ដោះស្រាយគ្នាមិនចេញផង បែរជាបុរសខាងលើទូរស័ព្ទហៅ បក្ខពួកជាមន្រ្តីយោធាម្នាក់ ពាក់សក្តិ៤កន្លះ មកដល់ កើតជាប្រទូស្តរ៉ាយគ្នា ជាមួយប្រជាពលរដ្ឋ ជាមួយជនរងគ្រោះ ឈានដល់មន្រ្តីយោធារូបនោះដកកាំភ្លើងខ្លីមកវាយលើជនរងគ្រោះ បណ្តាលឲ្យបែកសៀតថ្កាឆ្វេងហូរឈាម ធ្វើឲ្យស្ថានភាពកាន់តែផ្អើលឡើង រហូតដល់កម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់ជនបង្កទាំង២នាក់ នាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌ។

បើតាមមន្រ្តីយោធារូបនោះ អះអាងថា ពេលដែលពលរដ្ឋប្រទូស្តរ៉ាយជាមួយគាត់ ពលរដ្ឋជនរងគ្រោះ បានវាយទាំងរថយន្តគាត់បណ្តាលឲ្យបែកកញ្ចក់ ទើបគាត់សម្រេចចិត្ត ទាញកាំភ្លើងមក កាន់ខាងចុងកាណុង វាយលើជនរងគ្រោះតែម្តង។

ទោះជាយ៉ាងណាក្តី ជនទាំង២នាក់ ត្រូវបានសមត្ថកិច្ចហៅនាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌសែនសុខ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post