![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7FCmB5jKDotLlzEfWiAkw6obCCq0AzuqGugkVpgfv7iEqhLmsZryuM4e63IGU-Xybiu9hJHnSIiFd6pWQCTCDQGtZ7ET63yti5M4d8FQ-uKMFwpL-vgrk6Dh9CBvQhODMnqYHqrQlu_4/s1600/Thumbnail.jpg)
ស្វាយរៀងៈ ប្រជាពលរដ្ឋព្រួយបារម្ភអំពីសត្វ ក្របី គោ បាត់ ខណៈមានក្រុមហ៊ុននាំ ក្របី គោ ចេញទៅប្រទេសវៀតណាមដោយគ្មានការត្រួតពិនិត្យពីមន្រ្តីជំនាញ គឺដឹកតាមរថយន្តយកទៅទម្លាក់តាមព្រំដែនរួចដឹកចេញតាមច្រករបៀង ក្នុងមួយថ្ងៃៗ ចាប់ពី២០ក្បាលទៅ៣០ក្បាល ដោយសារតែមានភ្លើងខៀវពីសមត្ថកិច្ចឈរជើងតាមច្រករបៀងទាំងនោះ ។
ជាក់ស្តែងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ឈ្មួញបានដឹកក្របីតាមរថយន្ត២គ្រឿង មានសត្វក្របីជាង២០ក្បាល ចុះត្រង់ចំណុចវត្តតាឡុក ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត គឺរថយន្តកូរ៉េ ម៉ាកហ៊ីយិនដាយ ចំណុះ២តោនកន្លះ ពាក់ស្លាកលេខ ភ្នំពេញ3B 0348 និងរថយន្ត១គ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ២តោនកន្លះ ដូចគ្នា ពណ៌ស គ្មានស្លាកលេខនោះឡើយ ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqSHV0DbBaGOja3tDytlP2K03Drc_bxe_HvEhZgch8RSSYTBY27X13tVlGna86_zSOrPEOXUjitAC_P4BgIv_EjNtrFkQD52eeCCQCDFbZ0OYbgUZ_84njw0qMi3zz40GCKCxsRiUBqr0/s1600/544842102.jpg)
ទាក់ទិនករណីខាងលើនេះ លោក ឈិន សៅ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងមានប្រសាសន៍ថា ៖ «បញ្ហាឈ្មួញនាំក្របីចេញទៅវៀតណាម តាមច្រករបៀងវត្តតាឡុក ក្រុងបាវិត លោកមិនបានដឹងនោះទេ» ។ លោកបន្តថា «កន្លងមក មានក្រុមហ៊ុនយុវពាណិជ្ជ ដែលមានឈ្មោះ ស្នា ជាអ្នកគ្រប់គ្រងនាំក្របីឆ្លងកាត់ និងគ្រប់គ្រងប្រមូលទិញ គោ និងក្របី ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ឬឡសត្តឃាតក្នុងខេត្តតែប៉ុណ្ណោះ រឿងនាំ ក្របី គោ ចេញនេះ លោកអត់បានដឹងនោះទេ» ។
ជាមួយគ្នានេះ លោក ស្នា តំណាងក្រុមហ៊ុនយុវពាណិជ្ជបានឲ្យដឹងថា «បញ្ហាច្បាប់ទម្លាប់ លោកមិនសូវដឹងទេ លោកគ្រាន់តែមើលការងារឲ្យក្រុមហ៊ុននាំក្របីឆ្លងកាត់ រីឯក្របី គោ ក្នុងខេត្តស្វាយរៀង គឺមាន អាជីវករដើរប្រមូលទិញ តាមភូមិ ស្រុក ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយលើសពីការផ្គត់ផ្គង់ក្នុងស្រុក អជីវករបានសុំនាំចេញ ទៅលក់នៅប្រទេសវៀតណាមពី១០ក្បាលទៅ២០ក្បាល លោកក៏ជួយសម្រួលអោយទៅ» ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimB2ArX-Tym6zUOSbcA-DFcBt5UOqcgum0CPlqXdTo6FKM97WnJTZZhTiSchLrXtZRtwvs4tLPsWHmlD2t2RKrFG3nADCfaJLbCSnZoln-_SA5L1n212RsSTtfb9iwcuqpaKgXm9AtR1A/s1600/544842105.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg14rTX9FPSloSLx7vgoR6MsO1TsdcwcOoMHjfE2DgYOFf6aZL5iNSPBQcjoZck4fqfKFNNzrT7nmZOytoHEDynKplozMqHHGpPGNsPXfwNtobR_AWjK147dr8Ij6zvOGvJAMYPKe3zroQ/s1600/544842106.jpg)
អាជីវករម្នាក់នៅភូមិព្រៃផ្តៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងបាននិយាយថា៖ ពួកគេប្រមូលទិញ ក្របី គោ ពីប្រជាពលរដ្ឋលក់ឲ្យវៀតណាម គេមកទិញដល់ក្រោល ហើយជួលរថយន្តខ្មែរដឹកទៅទម្លាក់នៅតាមព្រំដែន ដោយបង់(លុយ)ឲ្យឈ្មោះ ស្នា ក្របីតូច១ក្បាល៥ម៉ឺនរៀល ក្របីធំ១ក្បាល១០ម៉ឺនរៀល ក្នុងនោះវៀតណាម ក៏បានបង់ឲ្យសមត្ថកិច្ចយាមនៅច្រករបៀង និងពេទ្យសត្វផងដែរ ក៏ប៉ុន្តែមិនដឹង១ក្បាល បង់ប៉ុន្មាននោះទេ ។
ជនរងគ្រោះម្ចាស់គោម្នាក់ ឈ្មោះ លឹម ពិសិដ្ឋ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប បានឲ្យដឹងថា៖ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល មានចោរលួចគោរបស់គាត់មួយក្បាល ដែលចងឲ្យស៊ីស្មៅនៅវាលស្រែខាងក្រោយផ្ទះចម្ងាយ២០០ម៉ែត្រនោះ យកទៅបាត់ ក្រោយមកស្រាប់តែឃើញគេដឹកតាមរ៉ឺម៉ក ក៏នាំគ្នាជិះម៉ូតូដេញតាមរហូតដល់ខាងមុខរោងចក្រសានតុង ស្ថិតនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ទើបស្ទាក់ចាប់បានជនសង្ស័យម្នាក់ឈ្មោះ ប៉ុន វុន ភេទប្រុស អាយុ៧៦ឆ្នាំ មានទីលំនៅភូមិដើមពោធិ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង ហើយបានប្រគល់ជននេះឲ្យសមត្ថកិច្ចសង្កាត់ព្រៃអង្គុញដើម្បីដោះស្រាយ ក៏ប៉ុន្តែសមត្ថកិច្ចនគបាលព្រៃអង្គុញ បានបញ្ជូនជនសង្ស័យទៅឃុំស្វាយតាយាន ដើម្បីសាកសួរ ជនសង្ស័យបានឆ្លើយថា៖ គេគ្រាន់តែជាអ្នកដឹកស៊ីឈ្នួលឲ្យក្រុមហ៊ុននោះទេ ហើយសមត្ថកិច្ចចាប់ផ្តើមស្រាវជ្រាវបន្ត ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt6_1r_aNBdAVsZSnWZXaVnTGJhkyfWir1r2c2FnM4OpNut42FQuYBeJDqLeRGNXYFdy34voJZnEi77R0oeupaGFrLW-kOAyOjOmNVkdDDajeqNh6xuANziel4H9FQHBsZ-jn4kXmyAqU/s1600/544842108.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgExb3ydV1UrMKuk4HRZLAFWh6UmP8-T26A-uErW8IZQ3kPjT1Awcvi6yLH2q499rkQsHJgdvnr4UkYdP1WOuL_xECMlg26d1DP-CB-uL4pxiR_p9EnUuaEJX-kzA3xj491k9Xtyxc17lQ/s1600/544842109.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitzEGjL1DirggmXmucvIkJiKHr_PuGZ8m7P9h4vjVg8phGWGRrJhSZTTghQcQommJh3aN1Dz7_ctJx6VAx1v-UiTLQgRH0l0zgAq4P8yIERSwJzVBwMHMO94URIhmv4wwLmty7ECcKmaI/s1600/5448421010.jpg)
សូមបញ្ជាក់ថា កន្លងមក សត្វគោក្របីប្រជាពលរដ្ឋបានបាត់រកមិនឃើញនោះទេ ដូច្នេះប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពគោ ក្របី របស់ពួកគាត់ ដោយសារតែមានឈ្មួញដើរប្រមូលទិញគោក្របីទៅប្រទេសវៀតណាមយ៉ាងនេះ ដោយយកស្លាកក្រុមហ៊ុនមកបិទបាំង ប្រមូលទិញគោក្របីពីអ្នកស្រុក ហើយពួកចោរ ក៏ឆ្លៀតឱកាសលួចគោក្របីអ្នកស្រុកទាំងថ្ងៃចែសនាំទៅវៀតណាមតែម្តងដោយគ្មានខ្លាចញញើត ។
ពាក់ព័ន្ធបញ្ហានេះ មន្រ្តីម្នាក់បានសុំមិនបញ្ចេញឈ្មោះបង្ហើបប្រាប់ឲ្យដឹងថា៖ សមត្ថកិច្ចតាមច្រករបៀងមិនហ៊ានជាមួយតំណាងក្រុមហ៊ុននោះឡើយ ។ តំណាងក្រុមហ៊ុននេះ គេនិយាយយកឈ្មោះអ្នកធំរូបនេះ អ្នកធំរូបនោះមកធ្វើជាខ្នងបង្អែក ទើបសមត្ថកិច្ចសុំតែលុយបាយមួយក្បាល៥ម៉ឺនដុងប្រាក់វៀតណាមប៉ុណ្ណោះ ៕