មណ្ឌលគិរីៈ ដីព្រៃរបស់រដ្ឋនៅតំបន់របៀងដែនជម្រកសត្វព្រៃភ្នំព្រេច និងលំផាត់ រងការឈួសឆាយមានទ្រង់ទ្រាយធំ អស់រយៈពេលជាង២ខែមកហើយ មកដល់ខែសីហានេះ ស្ថិតនៅភូមរយ៉លើ ឃំុរយ៉ ស្រុកកោះញែក ជាងមួយពាន់ហិកតាកំពុងរងការឈួសឆាយពីក្រុមឈ្មួញ ដោយមានការឃុបឃិត និងមន្រ្តីខ្នងក្រាស់យកធ្វើកម្មសិទ្ធិ និងលក់បន្ត ខណៈដែលមេព្រៃ និងបរិស្ថានកំពុងឆ្លើយដាក់គ្នា ។
ចំណែក អាជ្ញាធរស្រុក និងខេត្តគ្រប់ជំនាញហាក់នៅស្ងៀមស្ងាត់ ទោះមានសកម្មភាពឈូសឆាយជាយូរថ្ងៃខែមកហើយក្តី ។
ប្រភពពីប្រជាសហគមន៍ភូមិរយ៉បានឲ្យដឹងថា គេបានឃើញគ្រឿងចក្រធុនធំជាច្រើនគ្រឿង ដូចជាអេស្ការវ៉ាទ័រ ត្រាក់ទ័រ ម៉ាស៊ីនអារឈើ រួម និងមនុស្សប្រមាណជាង១០នាក់ បានចូលទៅតំបន់ខាងលើ ត្រង់ចំណុចអូរតាំហច(ភូមិរយ៉លើ) ត្រពាំងតាទូត ត្រពាំងទឹកល្អក់(ភូមិរវ៉ាក់) តាំងពីមុនថ្ងៃបោះឆ្នោត ពោលគឺអំឡុងខែ៥ (ជាងពីរខែមកហើយ) ។
ប្រភពបន្តថា" មនុស្សមួយក្រុមនោះ ត្រូវបានគេមើលឃើញថា" ចាប់ផ្តើមវាយផ្តួលដើមឈើរាប់ម៉ឺនដើម កាប់អារឈួសឆាយយកដី ដោយគ្មានខ្លាចរអារច្បាប់បន្តិចសោះ ទោះបីតំបន់ពួកគេធ្វើសកម្មភាពជាព្រៃឈើបម្រុងទុករបស់រដ្ឋក៏ដោយ ។
លោក ស៊ិន វណ្ណវឌ្ឍ អភិបាលស្រុក បានផ្តល់បទសម្ភាសឲ្យអ្នកសារព័ត៌មានយើងនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ថា «ជុំវិញរឿងដីព្រៃដែលថា មានគេឈួសឆាយនៅតំបន់នោះ ខ្ញុំមិនបានដឹងទេ ដោយមូហេតុខ្ញុំមកកាន់ស្រុកកោះញែកថ្មី មិនស្គាល់ភូមិសាស្រ្តទេ សូមសួរទៅបរិស្ថាន ឬមេព្រៃទៅ» ។
លោក អ៊ុំវណ្ណ សុភ័ត្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានឆ្លើយបដិសេធន៍ថា "ខ្ញុំអត់ដឹងទេ ដោយដីនៅចំណុចហ្នឹង ច្រករបៀង សូមសួរទៅបរិស្ថាន មិនមែនជាដីដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើទេ លោកបន្តថា "បរិស្ថានម៉េចនិយាយអញ្ចឹង ។
អ្នកសារព័ត៌មានយើងបានបន្តសួរទៅលោក ហាន សុខន (ហៅថា) នាយដែនជម្រកសត្វព្រៃភ្នំព្រេច លោកបានឆ្លើយថា "សួរទៅមេព្រៃ ខ្ញុំអត់ដឹងទេ ព្រោះខ្ញុំ បានឃាត់ប៉ុន្មានដងហើយ តែមានអ្នកអះអាងគេប្រាប់ថា ដីប្រជាពលរដ្ឋ បើបងចង់ដឹងច្បាស់ទៅសួរម្នាក់ហ្នុងទៅ ។
ចំណែកលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន លោកបានប្រាប់ថា "ម្តុំនោះ ជាដី០០១ភាគច្រើន ឯការគ្រប់គ្រង បរិស្ថានខ្លះ មេព្រៃខ្លះ ។ នៅក្នុងចម្លើយមន្ត្រីមានសមត្ថកិច្ចក្នុងដែនសមត្ថកិច្ចរបស់លោកគ្រប់គ្រងទាំងពីស្ថាប័ន ហាក់កំពុងឆ្លើយដោះសាររៀងខ្លួនយ៉ាងនេះ តើលោកស្វាយ សំអ៊ាង បានជ្រាបទេ? បើសិនបានជ្រាបតាមរយៈព័ត៌មានហើយ តើលោកមានវិធានការយ៉ាងណាចំពោះព័ត៌មាននេះ? ៕