header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីប្រកាសលទ្ធផលបោះឆ្នោត នីតិកាលទី៦រួច ដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា (ប្រ.ជ) ទទួលសំឡេងទាំង១២៥អាសនៈ ក្នុងរដ្ឋសភា ក៏មានមតិមួយចំនួនចោទជាសំណួរថា គណបក្សប្រជាជនកម្ពុជា នឹងចែកអាសនៈទៅគណបក្សដទៃឬទេ? អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឆ្លើយតបវិញថា គណបក្សប្រជាជនកម្ពុជា មិនបោះបង់ចោលឆន្ទៈប្រជាពលរដ្ឋឡើយ ដូច្នេះគណបក្ស មិនយកឆន្ទៈពលរដ្ឋ ទៅបែងចែកឲ្យគណបក្សដទៃនោះទេ។

កាលពីថ្ងៃទី១៥ ខែសីហា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការថា គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រ៤,៨៨៩,១១៣សំឡេង ដែលជាសំឡេងមួយក្ដោបក្ដាប់អាសនៈទាំង១២៥ ក្នុងរដ្ឋសភា ខណៈគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានការគាំទ្រ៣៧៤,៥១០សំឡេង និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ទទួលបាន៣០៩,៣៦៤សំឡេង។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលបោះឆ្នោត នីតិកាលទី៦ ឆ្នាំ២០១៨ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ លោក សុខ ឥសាន ឲ្យដឹងថា ពលរដ្ឋខ្មែរ បោះឆ្នោតឲ្យគណបក្សប្រជាជនជាង៧៧% នៃពលរដ្ឋទៅបោះឆ្នោតសរុបជាង៨៣%។ ដូច្នេះ នេះជាសិទ្ធិរបស់ប្រ.ជ ក្នុងការដឹកនាំប្រទេស ដែលពលរដ្ឋបោះឆ្នោតជូន។
លោកមានប្រសាសន៍ថា “យើង មិនបោះបង់ចោលនៅឆន្ទៈប្រជាពលរដ្ឋ ក៏យើងមិនប្រមាថឆន្ទៈប្រជាពលរដ្ឋទេ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែងតែគោរពឆន្ទៈប្រជាពលរដ្ឋ យើងមិនអាចយកឆន្ទៈប្រជាពលរដ្ឋ ទៅចែកឲ្យគណបក្សផ្សេង ដែលប្រជាពលរដ្ឋមិនបានបោះឆ្នោតគាំទ្រនោះទេ”។

លោកបន្ដថា អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានឆន្ទៈពលរដ្ឋប្រគល់ឲ្យ៥៥អាសនៈ ក៏ប៉ុន្ដែគណបក្សសង្គ្រោះជាតិ បានប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោត នីតិកាលទី៥ ឆ្នាំ២០១៣។ ដូច្នេះមានន័យថា អតីតគណបក្សសង្គ្រោះជាតិ ប្រឆាំងឆន្ទៈពលរដ្ឋ ដែលលទ្ធផលនៃការប្រមាថឆន្ទៈពលរដ្ឋ ត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧។
ឆ្លៀតឱកាសនោះដែរ លោក សួស យ៉ារ៉ា អ្នកនាំពាក្យម្នាក់ទៀត របស់ ប្រ.ជ ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៦នេះ គឺធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាពជូនពលរដ្ឋខ្មែរទូទាំងប្រទេស ពីព្រោះពួកគាត់ជាម្ចាស់ឆ្នោត។ រាជរដ្ឋាភិបាល នឹងរក្សាកំណើនសេដ្ឋកិច្ចជាប្រចាំ និងស្របទៅតាមអ្វីដែលសន្យាជូនពលរដ្ឋ។

លទ្ធផលបោះឆ្នោត ដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលសំឡេងលើសលប់នេះ គណបក្សប្រជាជនកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍អបអរសាទរចំពោះលទ្ធផលបក្សខ្លួន ប៉ុន្តែក្នុងនោះ បក្សក៏បានសម្ដែងការសោកស្ដាយ ចំពោះមជ្ឈដ្ឋានបរទេសមួយចំនួន ដែលមិនបានចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតនេះទេ ប៉ុន្ដែបែរជាប្រកាន់យកទង្វើអវិជ្ជមាន ដោយមូលហេតុនយោបាយ ចំពោះដំណើរការដ៏ត្រឹមត្រូវនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបានវាយតម្លៃការបោះឆ្នោតនេះ គ្មានលក្ខណៈសេរី និងយុត្តិធម៌ តាំងពីមុនពេលបោះឆ្នោតរហូតមកដល់បច្ចុប្បន្ន។

សូមរំឭកថា ការបោះឆ្នោតជ្រើសតំាងតំណាងរាស្ដ្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានគណបក្សនយោបាយចំនួន២០គណបក្ស និងមានពលរដ្ឋគ្រប់អាយុបោះឆ្នោតជាង៨លាននាក់ ផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post