រតនគិរីៈ ម៉ូតូហុងដាឌ្រីម២គ្រឿង បោលបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យយុវជន២នាក់ រងរបួសធ្ងន់ធ្ងរ ខណៈកំពុងជិះទិសដៅបញ្ជ្រាសគ្នា។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦នឹង៣០នាទីយប់ថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្កាឈូកក្បែរបន្ទាយប៉េអឹមខេត្ត ស្ថិតនៅក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង។
នគរបាលប៉ុស្តិ៍បឹងកន្សែង បានឲ្យដឹងថា ម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី ១B-០៥៩២ ជិះក្នុងទិសដៅពីកើតទៅលិច អ្នកបើកបរឈ្មោះ សាន សានិត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស របួសធ្ងន់បាក់ជើងខាងឆ្វេង មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។ ចំណែកភាគីម្ខាងទៀតឈ្មោះ ភីម សិលា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស របួសធ្ងន់ត្រង់ផ្ទៃមុខ ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១C-៤៧៦៤ ក្នុងទិសដៅពីលិចទៅកើត ។
ក្រោយកើតហេតុនគរបាលមូលដ្ឋានចុះមកអន្តរាគមន៍ធ្វើការវាស់វែង ដឹកបញ្ជូនជនរងគ្រោះទាំង២នាក់ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។
បច្ចុប្បន្នម៉ូតូទាំង២គ្រឿង ត្រូវបាននគរបាលអូសយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្ត ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕