ភ្នំពេញៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយទាំងព្រឹក ដោយសារតែរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង បើកតាមដងផ្លូវសុខៗ ស្រាប់តែដាច់កង់ខាងក្រោយចេញពីគ្នា រួចរត់ទៅមុនឡានប្រមាណជា៣០០ម៉ែត្រ ក៏ទៅប៉ះជាមួយរថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខក្រសួងទេសចរណ៍ តាមបណ្តោយផ្លូវលេខ១៦៩ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេបានឃើញរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2S-7852 បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ដោយបើកបរក្នុងល្បឿនតិចៗ។ ខណៈពេលបើកមកដល់ចំណុចមុខក្រសួងទេសចរណ៍ រថយន្តបានដាច់កង់ខាងក្រោយចេញពីរថយន្ត រួចរត់ទៅមុខប្រមាណជា៣០០គីឡូម៉ែត្រ ដល់មុខចំណុចវិទ្យាល័យបាក់ទូក ស្រាប់តែកង់រថយន្តនោះ បានបត់ឆ្វេងដៃបុកជាមួយរថយន្តមួយគ្រឿងម៉ាក Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-2926 បានបើកបរក្នុងទិសដៅពីត្បូងទៅជើង (បញ្ច្រាសទិសគ្នា) បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង និងបានហៅម្ចាស់រថយន្តខាងលើ ទៅធ្វើការណែនាំនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា។ ចំណែកឯរថយន្តរងគ្រោះខាងលើ មិនទាមទារសំណងអ្វីនោះឡើយ៕