header ads

Sponsor

ពិសី

កំពង់ស្ពឺៈ មេឈ្មួញឈើដ៏ល្បីឈ្មោះមួយរូប ដែលមានវាសនាគេចផុតពីការតាមប្រមាញ់របស់សមត្ថកិច្ចនាពេលកន្លងមកនោះ ពេលនេះមិនត្រឹមតែដឹកឈើដោយខុសច្បាប់នោះទេ គឺថែមទាំងហ៊ានបើកឃ្លាំងស្តុកឈើអត់ច្បាប់ទៀតផង។

ឃ្លាំងឈើ ដែល​ឈ្មួញឈ្មោះ ណុប ឌី (ហៅ ឆើត)បើកនេះ ស្ថិតនៅភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

យោងតាមសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានក៏ដូចជា សមត្ថកិច្ចមេព្រៃមួយចំនួន ដែលមិនសូវបានសើមមាត់សើមកដូចមេៗនោះ បានបង្ហើបថា ស្ទើរតែជារៀងរាល់យប់ឈ្មួញឈ្មោះ ឆើត បានប្រើបក្ខពួករបស់ខ្លួនដឹកឈើចេញពីចំណុចអូរត្រាវស្រែកិន ចេញតាមរយៈគោយន្តយកមកស្តុកទុកនៅឃ្លាំងរបស់ខ្លួន ត្រង់​ចំណុចខាងលើ (ផ្ទះរបស់ខ្លួន) ទើបរៀបចំដាក់ចូលឡានឃ្លុប និងឡានយីឌុបដឹកឆ្ពោះទៅខេត្តតាកែវ ដើម្បីលក់ឲ្យ​ឈ្មួញដ៏មានឥទ្ធិពលម្នាក់ឈ្មោះ ជាតិ បន្តដឹក​ចេញទៅលក់នៅប្រទេសវៀតណាមទៀត។

មន្ត្រីរដ្ឋបាលព្រៃឈើដដែលបង្ហើបក្នុងលក្ខខណ្ឌមិនចេញឈ្មោះថា កូនចៅថ្នាក់ក្រោមមិនហ៊ានជាមួយឈ្មួញម្នាក់ឈ្មោះ ណុប ឌី (ហៅឆើត) នេះទេ ព្រោះគេបានទាក់ទងបង់លុយឲ្យ​មេៗអស់ហើយ ដែលសូម្បីតែនាយរងអធិការរដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លេសាបមួយរូប(ឈ្មោះ សម្បត្តិ) ក៏ឈរនៅ​ពីក្រោយនៃការដឹកឈើរបស់ឈ្មួញម្នាក់នេះដែរ ។ ជាងនេះទៅទៀតបើនិយាយពីខាងបរិស្ថានវិញ រឹតតែស្អិតរមួតទៅទៀត ដែលសូម្បីតែនាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ឈ្មោះ ខន សុខខុន ក៏ឈ្មួញម្នាក់នេះហៅដើរលេងជាមួយខ្លួនបានដែរ។ នៅមានស្ថាប័នប៉េអឹម និងនគរបាល ក៏ឈ្មួញម្នាក់នេះ មានទំនាក់ទំនងល្អដែរ ព្រោះគេមានកញ្ចប់ប្រចាំខែជូនអស់លោកទាំងនោះ មិនដែលខកខានមួយខែណាឡើយ លើកលែងតែស្ថាបន័គ្រូពេទ្យ គ្រូបង្រៀន និងអាចារ្យវត្តតែប៉ុណ្ណោះ។

ទាក់ទងនឹងសកម្មភាពរបស់ឈ្នួញឈើរូបនេះផងដែរ ប្រជាពលរដ្ឋរកស៊ី​អាស្រ័យអនុផលព្រៃឈើបានរិះគន់ដល់អស់លោកសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនថា ធ្វើបាបបានតែពលរដ្ឋតូចតាចរីឯឈ្មួញឈើធំវិញ សុទ្ធសឹងជាមិត្តភក្តិបងប្អូន ចឹងតើទើបបានគេដឹកឈើមិនដែលត្រួវបង្ក្រាបម្តងណាសោះឡើយ។

សេចក្តីរាយការណ៍ពីមន្ត្រីនគរបាលមូល​ដ្ឋានក៏ដូចជាមន្ត្រីអាវុធហត្ថតូចតាចប្រចាំនៅស្រុកឱរ៉ាល់ បានលើកឡើងថា បើចង់បង្ក្រាបទាល់តែសមត្ថកិច្ចមកពីក្រសួង និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ដែលមានឆន្ទៈការបង្រ្កាបទល្មើសព្រៃឈើនោះ ទើបអាចធ្វើទៅបាន។ តែបើគ្មានឆន្ទៈបង្ក្រាបទេ គឺមកដើម្បីតែទាក់ទងយកលាភសក្ការៈប៉ុណ្ណោះ។ ជាក់ស្តែងកាលពីពេលកន្លងទៅក្រុមបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស មកមិនបានប៉ុន្មានផង ស្រាប់តែគេឃើញមន្ត្រីអាវុធហត្ថម្នាក់ឈ្មោះ លីន បានដើរស៊ីផឹកជាមួយឈ្មួញឈើឈ្មោះ ណុប ឌី(ហៅឆើត)យ៉ាងសប្បាយបំផុតទៅវិញ មិនគិតពីឃ្លាំមើល និងបង្ក្រាបបទល្មើសនោះទេ​។

រហូតមកដល់ពេលនេះ ឈ្មួញឈើដ៏ល្បីឈ្មោះ ឆើត នៅតែមានសកម្មភាពដឹកឈើជារៀងរាល់យប់ពីខេត្តពោធិ៍សាត់មកស្តុកនៅក្នុងឃ្លាំងអត់ច្បាប់នៅតំបងវិញ ដោយគ្មានសមត្ថកិច្ចណាមួយអើពើបង្រ្កាបនោះឡើយ។

មជ្ឈដ្ឋានប្រជាពលរដ្ឋសំណូមពរដល់លោកអភិបាលខេត្តកំពង់ស្ពឺ មេត្តាមានវិធានការទប់ស្កាត់ ឬចាត់ក្រុមមន្ត្រីជំនាញ ចុះធ្វើការត្រួតពិនិត្យ និងបង្ក្រាបកន្លែងស្តុកឈើខុសច្បាប់នោះផង បើរំពឹងលើសមត្ថកិច្ចមូលដ្ឋានដូចជាមិនអើពើបង្ក្រាបនោះឡើយ បើបណ្តែតបណ្តោយតទៅទៀត ច្បាស់ជាព្រៃឈើក្នុងខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់រលាយហិនហោចជាក់ជាមិនខានឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post