header ads

Sponsor

ពិសី

រតនគិរីៈ អំឡុងយុទ្ធនាការបោះឆ្នោតអាណត្តិទី៦ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំពោះបទល្មើសព្រៃឈើ នៅទូទាំងក្រុងស្រុកទាំង៩ ក្នុងខេត្តរតនគិរី មានភាពស្ងប់ស្ងាត់បានមួយរយៈខ្លីប៉ុណ្ណោះ ហើយក៏ចាប់ផ្តើមកម្រើកឡើងវិញព្រោងព្រាតតែម្តង។

ដោយឡែកនៅក្នុងស្រុកមួយចំនួនការជំនួញឈើ និងការកាប់បំផ្លិចបំផ្លាញដឹកជញ្ជូនចេញក៏នៅតែបន្តជាដដែល។ ដោយសារក្រុមឈ្មួញទាំងនោះ សុទ្ធសឹងតែជាសមត្ថកិច្ច យកតួនាទី ក្រាញអំណាចយកទៅរកស៊ីបទល្មើសបានយ៉ាងរលូន។

ជាក់ស្តែងកាលពីថ្ងៃទី៥ ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោង៣នឹង៤៥នាទីទៀបភ្លឺ ឈើប្រណីតថ្លឹងគីឡូជាប្រភេទឈើធ្នង់សុទ្ធពេញមួយរថយន្តកាមរីស្វិត ពណ៌ខ្មៅ កែទ្រុង ពាក់ស្លាកលេខស៊េរីចាស់ ញៈ1321ភព.2 ចូលទៅតាមផ្លូវលំចាស់ ឃុំត្រពាំងក្រហម ទៅភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង ដែលមានព្រំប្រទល់ជាប់និងខេត្តរតនគិរី ដើម្បីដឹកជញ្ជូនឈើប្រណីតចេញមកខេត្តរតនគិរី។

ជាចៃដន្យ ខណៈរថយន្ត១គ្រឿងនេះឆ្លងកាត់ទីស្នាក់ការកងរាជអាវុធហត្ថលេខ៧៨១ ពុំមានការអនុញ្ញាតច្បាប់ទម្លាប់​ ព្រមទាំងផ្ទុកបទល្មើសផងនោះ ត្រូវបានមេទីស្នាក់ការដេញប្រផាក់ចាប់ប្រភីងរហូតមកដល់ច្រកផ្លូវក្រុមហ៊ុន៩៥ ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ទើបស្ទាក់ចាប់ជាប់។

លោកអនុសេនីយ៍ឯក វង្ស វុទ្ធី មេទីស្នាក់ការលេខ៧៨១ បានឲ្យដឹងអំពីអត្តសញ្ញាណម្ចាស់ឈើ និងរថយន្តដឹកបទល្មើសខាងលើ ថា ម្ចាស់ឈើមានឈ្មោះ (ព្រ.អែម ប៊ុនមី ជាមន្ត្រីប៉ូលិស ប្រចាំនៅស្រុកកូនមុំ រូបគេជាមន្ត្រីសមត្ថកិច្ចផង និងជាឈ្មួញជួញដូរបទល្មើសព្រៃឈើយ៉ាងដុះស្លែផងដែរ។

លោកអនុសេនីយ៍ឯក វង្ស វុទ្ធីបន្តថា ការទប់ស្កាត់ និងចាប់បង្ក្រាបទៅលើករណីជួញដូរបទល្មើសព្រៃឈើរបស់លោកទៅលើឈ្មួញ ដែលខ្លួនគេជាសមត្ថកិច្ចរូបនេះ ធ្វើឲ្យមជ្ឈដ្ឋានលំដាប់ៗ ថ្នាក់ដឹកនាំ ដែលបម្រើការងារក្នុងស្រុកកូនមុំទាំងមូល រួមមាន៖ លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកកូនមុំ ជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុក និងរហូតដល់លោកអភិបាលស្រុកកូនមុំផងដែរ។ មានការថ្នាំងថ្នាក់ចិត្តយ៉ាងខ្លាំងបំផុត ដោយលោកសង្កេតឃើញពួកគេចង់ជួយអន្តរាគមន៍ គឺពុំពេញចិត្តទៅលើចំណាត់ការរបស់លោកអនុសេនីយ៍ឯកជាមេស្នាក់ការកងរាជអាវុធហត្ថលេខ៧៨១នោះឡើយ។ ដូចជាការខលហៅឲ្យមកចូលរួមធ្វើកំណត់ហេតុរួមគ្នា បែរជាឆ្លើយតបថា  រវល់ចុះបេសកកម្មឬជាប់ប្រជុំ ហើយឲ្យខលទៅអ្នកនេះអ្នកនោះបន្តកន្ទុយគ្នាដូចសំឡកំពិសជាដើម។ល។

រហូតមកដល់ម៉ោងជិត១១ថ្ងៃត្រង់ ស្រាប់តែលេចមុខមន្ត្រីប៉ូលិសឈ្មោះ អែម ប៊ុនមី និងបក្សពួកចំនួន៣នាក់ (ជាកម្មករ និងជាតៃកុងឡាន)នាំគ្នាយកកំហឹងមកកន្លែងរថយន្តរបស់ខ្លួន(កន្លែងកើតហេតុ) បម្រុងចាកសាំងដុតឡានចោល និងវាយកម្ទេច ដោះយកអាគុយចេញពីឡាន តែត្រូវលោកមេទីស្នាក់ការធ្វើការឃាត់ទាន់ពេលវេលា ហើយពួកគេក៏ត្រឡប់ទៅវិញក្នុងគ្រានោះតែម្តង។

ទោះជាយ៉ាងណាក៏លោកអនុសេនីយ៍ឯកមិនរារែកក្នុងការអនុវត្ត និងបំពេញតាមតួរនាទីជាកងរាជអាវុធហត្ថ១រូប ដែលឈរជើងនៅទីស្នាក់ការលេខ៧៨១ តាមការប្តេជ្ញាចិត្តក្នុងថ្ងៃឡើងកាន់ដំណែងផងនោះ។

ជាពិសេស លោកបានគោរពតាមបទបញ្ជាផ្ទៃក្នុងយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ដែលបានដាក់ចេញនូវអនុសាស្ត្រដ៏មានសារ:សំខាន់ជាច្រើនចំណុច កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ក្នុងពិធីផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរស័ក្តិដល់កងកម្លាំង។ លោកឧត្តមសេនីយ៍ត្រី បានសំណូមពរដល់កងកម្លាំងរាជអាវុធហត្ថទាំងអស់ឲ្យយល់ពីតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីបន្តវេនទៅថ្ងៃក្រោយ ជៀសវាងធ្វើកងកម្លាំង ដើម្បីអំណាច ឬបុណ្យស័ក្តិនោះទេ។ កងកម្លាំងទាំងអស់ ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និងបទល្មើសព្រៃឈើ។

បច្ចុប្បន្នវត្ថុតាង រថយន្តដឹកបទល្មើស និងឈើប្រណីត លោកអនុសេនីយ៍ឯក បានធ្វើកំណត់ហេតុប្រគល់ទៅឲ្យជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តនាំទៅរក្សាទុក ដើម្បីចាត់ការតាមផ្លូវច្បាប់ព្រៃឈើបន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post