header ads

Sponsor

ពិសី

ភ្នំពេញៈ បុរសជាវិស្វ័ករសំណង់២នាក់ បានលង់ទឹកស្លាប់ទឹកស្ទឹងព្រែកត្នោត ក្រោយពីពួកគេបាននាំគ្នា ទៅផឹកស៊ីនៅលើកញ្ចុះបណ្តែតទឹក នៅហាងជំនោរស្ទឹងព្រែកត្នោត ភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ កាលពីម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨។

ជនរងគ្រោះដែលស្លាប់ទាំង២នាក់ ក្នុងហេតុការណ៍ខាងលើ ឈ្មោះ ជង់ តុងសាន អាយុ២៨ឆ្នាំ មុខរបរ វិស្វករសំណង់ ស្នាក់នៅផ្ទះជួល ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិសាគរ ក ឃុំសាគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និង ឈ្មោះ ជួង រដ្ឋា អាយុ២៨ឆ្នាំ មុខរបរវិស្វករសំណង់ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ ជនរងគ្រោះទាំង២នាក់ ធ្វើការជាមួយគ្នា នៅក្រុមហ៊ុន ក្នុងតំបន់សេដ្ឋកិច្ចភ្នំពេញ។

តាមសាក្សី ជាមិត្តភ័ក្រ វិស្វករសំណង់ ធ្វើការងារជាមួយគ្នាបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះទាំង២នាក់ រួមជាមួយមិត្តភ័ក្រ្តសរុបគ្នា៥នាក់ បានទៅជួលកញ្ចុះបណ្តែតទឹកស្ទឹងព្រែកត្នោត នៅហាងជំនោរស្ទឹងព្រែកត្នោត ត្រង់ទីតាំងខាងលើ អង្គុយហូប បាយទឹក ផឹកស៊ី កាលពីម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ លុះរហូតដល់វេលាម៉ោង៥និង៣០នាទីល្ងាចទៅហើយ មានមិត្តភ័ក្រ្ត ម្នាក់បានទៅផ្ទះមុនបាត់ សល់គ្នា៤នាក់អង្គុយផឹកស៊ីបន្ត ហើយជនរងគ្រោះទាំង២នាក់ អង្គុយលើបង្កាន់ដៃកញ្ចុះ ស្រាប់តែពេលទឹករលក ធ្វើឲ្យកញ្ចុះយោលទៅមក បែជាធ្លាក់ជនរងគ្រោះទាំង២នាក់ចូលក្នុងទឹកស្ទឹង មិនចេះហែលទឹក រកជួយមិនទាន់ ម្យ៉ាងទឹកហូរផង ធ្វើឲ្យលង់លិចបាត់ក្នុងទឹក ទើបបង្កឲ្យភ្ញាក់ផ្អើល ទាំងសមត្ថកិច្ច ប្រជាពលរដ្ឋ រកវិធីចុះរាវ រហូតដល់វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ទើបរកឃើញសាកសពជនរងគ្រោះម្នាក់ ឈ្មោះ ជួង រដ្ឋា ស្រង់ឡើងគោក សមត្ថកិច្ចពិនិត្យរួច ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ដោយក្រុមគ្រួសារ មិនបានប្តឹងផ្តល់អ្វីឡើយ។

ប្រភពបន្តទៀតថា ក្រោយពីក្រុមអ្នកមុជទឹករាវរកសាកសពឃើញម្នាក់ហើយ នៅបន្តរាវតាមស្វែងរកសាកសពម្នាក់ទៀត លុះរហូតដល់ម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨នេះ បានរាវរកឃើញសាកសពជនរងគ្រោះម្នាក់ទៀត ឈ្មោះ ជុង តុងសាន ក្រោមវត្តមានឪពុក ម្តាយ ក្រុមគ្រួសារ យំសោកបោកខ្លួន នឹកសង្វេគកូនប្រុសជាទីស្រឡាញ់។ តាមសមត្ថកិច្ចប៉ុស្តិ៍បឹងធំ បានឲ្យដឹងថា សាច់ញាតិជនរងគ្រោះទាំង២នាក់ មិនបានប្តឹងផ្តល់អ្វីឡើយ ក្រោយពីរកសាកសពកូនប្រុសហើយ សុំដឹកយកទៅធ្វើបុណ្យឯស្រុកកំណើត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post