
ភ្នំពេញៈ រថយន្តកុងតឺន័រមួយគ្រឿង អ្នកបើកបរងោកមួយភាំង បានជ្រុលចង្កូតទៅបុករថយន្តស៊ីនទ្រី កំពុងឈប់ប្រមូលសំរាម បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃសុក្រ ទី៣ ខែសីហា ឆ្នាំ២០១៨ នៅជិតផ្លូវរទេះភ្លើងប្រហែល១០០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីតៃកុងរថយន្ត ស៊ីមទ្រីឈ្មោះ វ៉ាង អ៊ុន បានរៀបរាប់ប្រាប់ថា ខ្លួននិងក្រុមការងារ បើកររថយន្ត ពណ៌លឿង គ្មានស្លាក មានលេខរៀង (26) កំពុងប្រមូលសំរាមនៅក្បែរចិញ្ចើមផ្លូវ ពេលនោះស្រាប់តែមានរថយន្តកុងតឺន័រ ក្បាលពណ៌សលាយខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 4A.2131 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិចយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុខាងលើ សង្ស័យអ្នកបើកបរងោកមួយភាំង ក៏រ៉េចង្កូតមកខាងឆ្វេងដៃ មកចំរថយន្ត ស៊ីនទ្រី រូបគាត់ឃើញសភាពមិនស្រួលក៏លោត ចេញពីរថយន្ត ផុតរួចខ្លួន តែពួកគាត់៤នាក់ទៀត កំពុងប្រមូលសំរាម ដោយមិនដឹងខ្លួន ក៏ត្រូវរថយន្តកុងតឺន័របុកឲ្យធ្លាក់ប្រឡាយលូទឹកស្អុយ រងរបួសធ្ងន់២នាក់ និងស្រាល២នាក់។


ក្រោយបង្កហេតុ តៃកុងរថយន្តកុងតឺន័រមិនស្គាល់ឈ្មោះ បម្រុងចុះរត់គេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ព្រោះខ្លាចប្រជាពលរដ្ឋទប់កំហឹងមិនបាន។ ចំណែកឯរថយន្តស៊ុនទ្រី រងការខូចខាតកាប៊ីនរថយន្តខ្ទេច ព្រមទាំងធ្លាក់ចូលប្រឡាយលូទឹកស្អុយ។ ចំណែករថយន្តកុងតឺន័រ ខូចខាតផ្នែកខាងមុខ ដាច់កង់អស់២យ៉ាងដំណំ។
ជនរងគ្រោះទី១ឈ្មោះ ហុង ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករស៊ីនទ្រី ស្នាក់នៅផ្ទះជួលជិតក្រុមហ៊ុនស៊ុនទ្រី រងរបួសធ្ងន់។ ជនរងគ្រោះទី២ ឈ្មោះ ខ្លី ភេទប្រុស ជនជាតិខ្មែរមុខរបរកម្មករស៊ីនទ្រី ស្នាក់នៅផ្ទះជួលម្តុំស៊ីនទ្រី រងរបួសធ្ងន់ និងអ្នករងរបួសស្រាល២នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ សម្រួលចរាចរណ៏និងទាក់ទង់ទៅជំនាញចរាចរណ៍ក្រុងឲ្យមកវាស់វែងស្ទូចយករថយន្តទាំង២ ទៅរក្សារទុក ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕
