header ads

Sponsor

ពិសី

កែបៈ តាមលទ្ធផលបណ្តុះអាសន្នរបស់ គ.ជ.ប កាលពី២ថ្ងៃមុខ តួ​លេខបានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជា បានទៅបោះឆ្នោតប្រហែល៨៣ភាគរយជាចំនួនដ៏ខ្ពស់មួយ បើធៀបទៅនឹងបណ្តាប្រទេសផ្សេងៗ នៅក្នុងក្របខ័ណ្ឌពិភពលោក ហើយលទ្ធផលនេះ ត្រូវបានថ្នាក់ដឹកនាំមន្ត្រីក្រសួងមហាផ្ទៃចាត់ទុកថា ជាការរីកចម្រើនថ្មីមួយទៀត លើផ្នែកនាយោបាយ។ 

ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកែប នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៨ លោក​ សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា តាមរយៈកាពិនិត្យ វាយតម្លៃជារួម ដោយយើងទាំងអស់គ្នាដែលជាអ្នកបោះឆ្នោត និងអ្នកសង្កេតការជាតិជិត៨ម៉ឺននាក់ និងអ្នកអង្កេតការអន្តរជាតិ ជាង២រយនាក់ មកពីជាង៥៣ប្រទេស បានវាយតម្លៃខ្ពស់ទៅលើដំណើរការនៃការបោះឆ្នោតថា បានប្រព្រឹត្តដោយរលូន ប្រកបទៅដោយ លក្ខណៈសេរី ត្រឹមត្រូវយុត្តិធម៌ និងតម្លាភាព ជាពិសេសបើប្រៀបទៅនឹងការបោះឆ្នោតមុនៗនៅកម្ពុជា ការបោះឆ្នោតអាណត្តិនេះ បានប្រព្រឹត្តិទៅក្នុងបរិយាកាស ស្ងប់ស្ងាម គ្មានអំពើហិង្សា ការគំរាមកំហែង និងការបង្កឲ្យមានរបួសស្នាម ឬការស្លាប់នៅក្នុងហេតុផលនយោបាយទេ ។

លោក​បានចាត់ទុកលទ្ធផលនេះ ថា ជាការរីកចម្រើនថ្មីមួយទៀត ដែលបង្ហាញឲ្យឃើញអំពីភាពចាស់ទុំ ខាងនយោបាយ ទាំងគណបក្សនយោបាយ ក៏ដូចជាអ្នកគាំទ្រគណបក្សនយោបាយ និងអ្នកបោះឆ្នោតទាំងអស់ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក៏ដូចជានៅក្នុងខេត្តកែបដែរ។

ជាលទ្ធផលបណ្តុះអាសន្ន តាមតួ​លេខដែលបានប្រកាសដោយ គ.ជ.ប ម្សិលម្ងៃនេះ មានប្រជាពលរដ្ឋបានបោះឆ្នោត ប្រហែល៨៣ភាគរយ ដែលនេះជាចំនួនដ៏ខ្ពស់មួយ បើធៀបទៅនឹងបណ្តាប្រទេសផ្សេងៗ នៅក្នុងក្រខ័ណ្ឌពិភពលោក។

លោក​ បានបញ្ជាក់ថា ប្រទេសដែលមានចំនួនពលរដ្ឋចេញទៅបោះឆ្នោតអត្រាច្រើនជាងគេ គឺប្រទេសប៊ែល ស៊ីក ស្ថិតនៅក្នុងទ្វីបអារ៉ុប គឺចំនួនជិត៩០ភាគរយ នៃពលរដ្ឋគ្រប់អាយុបោះឆ្នោត ប្រហែលនឹងខេត្តកែបដែរ។ ខេត្តកែប ជាខេត្តដែលមានពលរដ្ឋចេញទៅបោះឆ្នោតច្រើនជាងគេបង្អស់ បើប្រៀបទៅនឹងខេត្តដ៏ទៃទៀតទូទាំងប្រទេស គឺមានទៅដល់ជាង៩០ភាគរយ ។ លោក​បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្នកបោះឆ្នោត អាជ្ញាធរ កងកម្លាំងមានសមត្ថិកិច្ចទាំងអស់ នៃខេត្តកែប ដែលបានខិតខំប្រឹងប្រែងថែរក្សា សន្តិសុខ សុវត្ថិភាព សង្គម និងការបោះឆ្នោត ដែលបានធ្វើឲ្យអត្រា នៃអ្នកទៅបោះឆ្នោតខ្ពស់ជាងគេបង្អស់ ។ ដោយឡែកកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមាន អត្រាពលរដ្ឋចេញទៅបោះឆ្នោតច្រើនជាងគេលំដាប់ទីពីរនៅទូទាំងពិភពលោក។ 

សូមបញ្ជាក់ថា ក្នុងពិធីដ៏អធឹកអធមនោះ បានផ្ទេរភារកិច្ចលោក ទេព រិទ្ធី ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ ពីអភិបាលរង នៃគណៈអភិបាលខេត្តកែប ឲ្យទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ និងបានតែងតាំងលោក ព្រំ គន្ធិ ឋានន្តរស័ក្កិវរមន្ត្រី ថ្នាក់លេខ៤ ឲ្យកាន់មុខតំណែជាអភិបាលរង នៃគណៈអភិបាលខេត្តកែប ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post