ភ្នំពេញៈ លោក អេដវើដ វៀលសុន (Edward Wilson) ចៅហ្វាយក្រុងស៊ីកនីលហីល (Signal Hill) សហរដ្ឋអាមេរិក អះអាងថា ស្ថានការណ៍នយោបាយនៅកម្ពុជា មានសភាពល្អប្រសើរលើគ្រប់ទិដ្ឋភាព រួមមាន ៖ នយោបាយសង្គម សេដ្ឋកិច្ច ដំណើរការប្រព្រឹត្តទៅ នៃការដឹកនាំអភិវឌ្ឍន៍ ប្រទេសជាតិ បានប្រព្រឹត្តទៅដោយរលូនជាធម្មតា ស្របតាមឆន្ទៈប្រជាធិបតេយ្យ និងនីតិរដ្ឋ និងបំណងប្រាថ្នារបស់ប្រជាជន។
លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឲ្យលោក អេដវើដ វៀលសុន (Edward Wilson) ចៅហ្វាយក្រុងស៊ីកនីលហីល (Signal Hill) សហរដ្ឋអាមេរិក និងក្រុមការងារចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨។
ក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានសំដែងនូវក្តីសោមនស្សរីករាយ អបអរសាទរ និងស្វាគមន៍យ៉ាង កក់ក្តៅចំពោះដំណើរទស្សនៈកិច្ចរបស់ លោក អេដវើដ វៀលសុន (Edward Wilson) នៅកម្ពុជានាពេលនេះ គឺស្របពេលដែលប្រទេសកម្ពុជាទើបតែបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៦ ស្របតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។
លោក អេដវើដ វៀលសុន (Edward Wilson) លើកឡើងអំពីដំណើរទស្សនៈកិច្ចនៅ ៨ខេត្ត ជុំវិញបឹងទន្លេសាប នៃព្រះរាជាណាចក្រកម្ពុជា ឃើញថា ប្រជាពលរដ្ឋមានការស្វាគមន៍យ៉ាងកក់ក្តៅ និងមានសេចក្តីរំភើបយ៉ាងខ្លាំង នៅពេលដែលបានមកទស្សនាប្រាសាទអង្គរវត្ត និងបានឃើញពីការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ ចំណែកឯស្ថានការណ៍នយោបាយនៅកម្ពុជា ក៏មានសភាពល្អប្រសើរលើគ្រប់ទិដ្ឋភាពរួមមាន ៖ នយោបាយ សង្គម សេដ្ឋកិច្ច ដំណើរការប្រព្រឹត្តទៅ នៃការដឹកនាំអភិវឌ្ឍន៍ ប្រទេសជាតិបានប្រព្រឹត្តទៅដោយរលូនជាធម្មតា ស្របតាម ឆន្ទៈប្រជាធិបតេយ្យ និងនីតិរដ្ឋ និងបំណងប្រាថ្នារបស់ប្រជាជន។
លោកស្រី ក៏បានសំណូមពរឲ្យ លោក អេដវើដ វៀលសុន (Edward Wilson) ជួយពាំនាំយកការពិតនៅកម្ពុជា ទៅផ្សព្វផ្សាយនៅប្រទេសអាមេរិក និងស្នើឱ្យសហរដ្ឋអាមេរិក បន្តពង្រឹង និងពង្រីកនូវសហប្រតិបត្តិការជាមួយកម្ពុជា លើគ្រប់វិស័យបន្ថែមទៀត៕