header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នៅ​ល្ងាច​ថ្ងៃ​ទី​៩ ខែសីហា​ ឆ្នាំ​២០១៨​នេះ អាជ្ញាធរ​ចម្រុះ​ខណ្ឌ​មានជ័យ​ បាន​បើក​យុទ្ធនាការ​វាយ​កម្ទេច​ទូហ្គេមខុសច្បាប់ មានទូ​ហ្គេ​ម​បាញ់​ត្រី​ ១១គ្រឿង និងទូហ្គេមបៀរ ​០៨គ្រឿង ដែល​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​បង្ក្រាប​បាន​កាលពី​ពេល​កន្លង​មក​ក្នុងភូមិ​សាស្ត្រ សង្កាត់​ទាំង​៧ នៃ​ខណ្ឌ​មានជ័យ ។

ការ​វាយ​កម្ទេច​ទូ​ហ្គេ​ម​ខាងលើ​នេះ​ធ្វើ​ឡើង​ក្រោម​វត្តមាន​លោក ពេជ្រ​ កែវមុនី​ អភិបាល​នៃ ​គណៈ​អភិបាល​មានជ័យ និង​មានការ​ចូលរួម​ពី​លោក​អធិការ​រងនគរបាល​ខណ្ឌ​ លោក​មេបញ្ជាការ​រងកងរាជអាវុធហត្ថ​ខណ្ឌ ​នាយ​ប៉ុស្តិ៍ និង​ចៅសង្កាត់​ទាំង​៧ និង​សមាភាព​មន្ត្រីពាក់ព័ន្ធ​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ ។ លោក​អភិបាល​ខណ្ឌ​មានជ័យ​ ​មាន​ប្រសាសន៍​ជុំវិញ​ការ​វាយ​កម្ទេច​ទូ​ហ្គេ​ម​ខាងលើ​នេះ​ថា ទូ​ហ្គេ​ម​ទាំងនេះ គឺជា​ប្រភេទ​ល្បែងស៊ីសង​ខុសច្បាប់​ដោយ​ប្រើប្រាស់​លុយ​ទើប​អាច​លេង​បាន ។ វា​ជា​ហ្គេ​ម​មួយ​ប្រភេទ​ដែល​ច្បាប់​ហាមប្រាម​មិន​ឲ្យ​បើក​ដំណើរការ​បានជា​ដាច់ខាត​មិន​ថា ក្នុង​រូបភាព​បែប​ណា​នោះ​ទេ ។

បន្ថែម​ពី​នេះ​ទៅ​ទៀត​វា​មិន​ត្រឹមតែ​ជា​ប្រភេទ​ល្បែងស៊ីសង​នោះ​ទេវា​ក៏​ជា​ប្រភេទ​ហ្គេ​ម​ដែល​ពង្វក់ និង​ចូល​ជ្រាប​ទៅ​ដល់​ស្រទាប់​ស្មារតី​យុវជន យុវ​សិស្ស និង​ក្មេង​ៗ​ជា​សិស្សសាលា​តូច​ៗ ឲ្យ​បោះបង់​ការ​រៀនសូត្រ​ចោល ហើយ​នាំ​គ្នា​មក​ពពាក់​ព​ពួន​គ្នា​លេង​យ៉ាង​សប្បាយ​អើ​ង​ហើ​ង ។ និង​ពេល​ខ្លះ​អាច​បែកគំនិត​រហូត​ប្រព្រឹត្តិ​នូវ​បទល្មើស​លួច ឆក់ ប្លន់ និង​សកម្មភាព​អសន្តិសុខ​ផ្សេង​ៗ​ជាដើម ដើម្បី​យក​លុយ​មក​បំពេញ​ចំណង់ចិត្ត​ខ្លួន​ក្នុង​ការ​លេង​ហ្គេ​ម​មួយ​នេះ ។ លោក​បន្ត​ថា ទីតាំង​ដែល​លួចលាក់​បើក​ហ្គេ​ម​បាញ់​ត្រី គឺជា​ទីតាំង​ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​ក្រុម​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ផង​ដែរ ព្រោះ​រាល់ពេល​ដែល​កម្លាំង​អាជ្ញាធរ​ចុះ​បង្ក្រាប​ម្តង​ៗ គឺ​តែង​ដកហូត​បាន​វត្ថុ​តាង​គ្រឿងញៀន​ជា​បន្តបន្ទាប់ ។

ក្នុងឱកាសនោះដែរលោក ពេជ្រ កែវមុនី ក៏បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ចំពោះបញ្ហាល្បែង ស៊ីសងទាំងឡាយនោះ គឺលោកបានប្រគល់ភារកិច្ចនេះទៅអោយលោក ឌី រ័ត្ន​ខេមរុណ អភិបាលរងខណ្ឌមានជ័យ ទទួលបន្ទុកល្បែងស៊ីសង ​ជាអ្នកទទួលខុសត្រូវ ហើយអភិបាលរងនីមួយៗ គឺទទួល​បន្ទុកការងារ​ផ្សេងគ្នា និងទទួលខុសត្រូវភារកិច្ចរៀងៗខ្លួន។ ហើយសូមធ្វើការក្រើនរំលឹកដល់លោកអភិបាលរង​ដែលទទួលបន្ទុក​ អធិការ​ មេបញ្ជាការ​ នឹងចៅសង្កាត់​ នាយប៉ុស្តិ៍ ត្រូវសហការគ្នាបង្ក្រាបអស់បាននៅល្បែងស៊ីសង​ ថ្នាក់ក្រោមធ្វើមិនបាន ឬមិនហ៊ានចូលបង្ក្រាប​ ត្រូវធ្វើរបាយការណ៍នឹងរាយការណ៍ជូនថ្នាក់​លើ ដើម្បីមានវិធា​នការបន្ត ដោយពិនិត្យនិងទទួលផែនការ ការងារសន្តិសុខសណ្តាប់ធ្នាប់ដែលលោកបានដាក់ចេញឲ្យអនុវត្តន៍កន្លងមក ពិសេសលើការងារបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលមាននៅក្នុងមូលដ្ឋានខណ្ឌមានជ័យឲ្យអស់ ចាប់ពីពេលនេះទៅ ថ្ងៃខាងមុខគឺមិនត្រូវរក្សាទុក ឬធ្វើមិនដឹងអំពីបនល្បែង ផ្សេងៗមាននៅក្នុងមូលដ្ឋានអស់លោកទៀតទេ! ហើយបើមិនធ្វើ! មានគេធ្វើជំនួសអស់លោក។ រាល់បញ្ហាអនុវត្តផ្លូវច្បាប់ទៅលើទីតាំងបទល្មើសជាក់ស្តែង គឺអនុវត្តបានទៅតាមស្ថានភាពជាក់ស្តែងតាមនីតិវិធីបាន ហើយប្រធានគណៈបញ្ជាការឯកភាពមានសិទ្ធិគ្រប់គ្រាន់តាមអំណាចច្បាប់ ក្នុងការចាត់ចែង និងដោះស្រាយបទល្មើសដែលបាន និងកំពុងមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបាន ។

លោក​អភិបាល​ខណ្ឌ​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អ៊ុំ​មីង​ពូ ទាំងអស់​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ​ទាំងមូល​ឲ្យ​មេត្តា​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់ពេលវេលា​ក្នុង​ការ​ផ្តល់​នូវ​ព័ត៌មាន ឬ​តម្រុយ​មួយ​ចំនួន​ទាក់ទង​ទៅ​នឹង​ទីតាំង​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ល្មើសច្បាប់​មិន​ថា តែ​ទីតាំង​ដែល​កំពុង​លួចលាក់​បើក​ហ្គេ​ម​បាញ់​ត្រី​ឡើយ គឺ​រាល់​ទីតាំង​បទល្មើស​ផ្សេង​ៗ​ទៀត​មាន​ដូច​ជា បៀរ អាប៉ោង កន្ទុយលេខ ជល់​មាន់​ជាដើម ។

សូម​បងប្អូន​ចូលរួម​សហការ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​មាន​ភាព​ងាយស្រួល​សម្រាប់​អាជ្ញាធរ​ក្នុង​ការ​ចុះ​ទប់ស្កាត់​បង្ការ និង​បង្ក្រាប ឲ្យ​សម​ស្រប​ទៅ​នឹង​គោលនយោបាយ​ទាំង​០៩​ចំណុច​ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​ភាព​សុ​ខុ​ដុម​រម្យ​នា​ជា​និរន្តរភាព​ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ទៅ​ថ្ងៃ​មុខ ។

ជាចុងក្រោយលោក ពេជ្រ កែវមុនី​ ក្នុងនាមលោកជាអភិបាល និងជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌ ដាក់បញ្ជាយ៉ាង​ម៉ឺងម៉ាត់​ដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងនគរបាល និងអាវុធហត្ថ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ី សងគ្រប់ប្រភេទនោះ ដែលជាចំណុចស្នូល នៃការបង្កើតអោយ មានបទល្មើស លួច ឆក់ ប្លន់ និងពង្រឹងការបង្ក្រាបសកម្មភាព អសន្តិសុខផ្សេងៗជាច្រើនទៀត ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post