ថៃៈ យ៉ាងហោចណាស់មានពលករខ្មែរ៤នាក់ រួមជាមួយនិងអ្នកបើកបររថយន្តជនជាតិថៃ ម្នាក់ បានស្លាប់ និងរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបើកលឿន រេចង្កូតធ្លាក់ផ្លូវបុកដើមឈើពេញទំហឹង ទំនងអ្នកអ្នកបើកបរនការងងុយដេក។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨លើកំណាត់ផ្លូវរ៉ាំងស៊ីត ត្រង់ចន្លោះបង្គោលគីឡូមែត្រ លេខ៥៣-៥៤ ក្នុងភូមិ១០ ឃុំបាងអរ ស្រុកបានណា ខេត្តណៈខនណាយ៉ុក ប្រទេសថៃ។
រថយន្តបង្កហេតុម៉ាកតូយ៉ូតាកូរ៉ូឡា ពាក់ស្លាកលេខ បាងកក ៤៨៨៣ បានបើកធ្លាក់ចេញពីផ្លូវទៅបុកនឹងគល់ឈើមួយដើមយ៉ាងធំ បណ្តាលឲ្យតួរថយន្តខូចខាតស្ទើរទាំងស្រុង ព្រមទាំងធ្វើឲ្យមនុស្សចំនួន៥នាក់ កៀបជាប់នៅក្នុងរថយន្ត ស្លាប់និងរបួសយ៉ាងអាណោចអាធ័មជាទីបំផុត។
ក្រោយកើតហេតុភ្លាម ក្រុមតម្រួតថៃ បានចុះអន្តរាគមន៍ ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋផងដែរ ដើម្បីគាស់ទាញយកមនុស្ស ដែលជាប់នៅក្នុងរថយន្តជាក់ស្តែង គឺអ្នកបើកបរឈ្មោះ ឆាត់ឆៃ ប៉ាន់យ៉ា រួមជាមួយនិងអ្នកអង្គុយក្បែរខាង ត្រូវបានកៀបស្លាប់ ដោយឡែកមនុស្សចំនួន៣នាក់ទៀត អង្គុយនៅផ្នែកខាងក្រោយ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ពួកគេទាំង៤នាក់នេះ គឺជាពលករខ្មែរ ត្រូវបានរថយន្តដឹកទៅបម្រើការងារនៅក្នុងខេត្តប៉ាធុមថានី។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ សមត្ថកិច្ចបានសន្និដ្ឋានថា អ្នកបើកបរអាចប្រើប្រាស់ល្បឿនលឿន ឬក៏អាចមានការងងុយដេកផង ទើបធ្វើឲ្យរថយន្តធ្លាក់ផ្លូវបែបនេះ។
បច្ចុប្បន្នសពកំពុងត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិក្នុងការបញ្ជូនត្រឡប់ទៅកាន់ស្រុកកំណើតវិញ៕