លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរត្រូវបានគណបក្សអំណាចខ្មែរបដិសេធលើសំណើសុំធ្វើជាប្រធានបក្សសារជាថ្មី។ លោក សួន សេរីរដ្ឋា ប្រាប់ថាចង់ចូលរួមអាជីពនយោបាយជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដើម្បីបន្តទិសដៅនយោបាយរួមគ្នា ក្នុងការប្រកួតប្រជែងនយាបាយជាមួយគណបក្សដទៃ។
អតីតប្រធានបក្សដែលធ្លាប់រិះគន់រដ្ឋាភិបាលឥតសំចៃមាត់រូបនេះបានបញ្ជាក់ថា៖ គណបក្សដែលខ្ញុំគិតថាអាចចូលរួមធ្វើនយោបាយជាមួយគ្នាបាននោះ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ព្រោះខ្ញុំធ្លាប់ជួបពួកគាត់នៅក្នុងកម្មវិធីសិក្ខាសាលាជាច្រើននាពេលកន្លងមក។
លោក អះអាងថា៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានគោលនយោបាយត្រឹមត្រូវ ស្របតាមគោលគំនិតខ្លួន ទាំងភាសានិយាយ និងការប្រើប្រាស់ការទូត ដោះស្រាយបញ្ហាជាដើម។
លោកបន្ថែមថា បើយើងអាចចូលរួមជាមួយគ្នា យើងនឹងពិភាក្សាពីគោលនយោបាយដាក់ទិសដៅរួមគ្នាលើតុ ខ្ញុំមានគោលគំនិតនេះ គាត់មានគោលគំនិតនោះ តើយើងអាចពិភាក្សារកចំណុចរួមគ្នា ធ្វើការជាមួយគ្នាបានទេ។ លោក សួន សេរីរដ្ឋា បានកំណត់ទិសដៅនយោបាយគឺបំណងបង្កើតគណបក្សថ្មី ឬក៏ចូលរួមអាជីពនយោបាយជាមួយគណបក្សដទៃ។
លោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរដែលទទួលបានតំណែងប្រធានមួយឆ្នាំ ក្រោយពីលោក សួន សេរីរដ្ឋា លាលែងតំណែងនេះ បាននិយាយថាគណបក្សគ្មានគម្រោងធ្វើសមាជបក្ស ដើម្បីបោះឆ្នោតគាំទ្រឲ្យលោក សួន សេរីរដ្ឋា ធ្វើជាប្រធានបក្សទេ ក្រោមហេតុផលធំៗ២ ទី១ គណបក្សអំណាចខ្មែរ អាចមានជំហររឹងមាំគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងនយោបាយ និងទី២ គណបក្សអំណាចខ្មែរ ដឹកនាំបែបនីតិបុគ្គល មិនមែនបែបរូបវ័ន្តបុគ្គល ដែលត្រូវមានបុគ្គលសំខាន់ជានិមិត្តរូប ទើបដឹកនាំបក្សបាន ដូចគណបក្សដទៃឡើយ។
សូមរំលឹកថា ប្រធានគណបក្សអំណាចខ្មែរ មិនចូលរួមក្នុងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦កាលពីចុងខែកក្កដា កន្លងទៅនោះទេ។