កំពង់ឆ្នាំងៈ ជនសង្ស័យ៣នាក់ រួមនឹងក្របីមេកូន៤ក្បាល ត្រូវបានសមត្ថកិច្ចនគបាលស្រុកទឹកផុសធ្វើការឃាត់ខ្លួនបាន ខណៈដែលក្រុមជនសង្ស័យដឹកឆ្លងកាត់ស្រុកមកលាក់ទុកក្នុងព្រៃ។
ហេតុការណ៍ឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ចំណុចភ្នំក្រញាញ់ ស្ថិតក្នុងភូមិតំណាក់អំពិល ឃុំក្តុលសែនជយ័ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ រឿន វីហៅ ណាក់ ភេទប្រុសអាយុ៥៣ឆ្នាំ មានទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ រាជធានីភ្នំពេញ ជាមេខ្លោង ២ ឈ្មោះ អូន តុលា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិពោធិ ឃុំស្រែស្តុក ស្រុកកណ្ឌៀង ខេត្តពោធិ៍សាត់ ៣ឈ្មោះ ហ៊ីម លី ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិត្បែងប្រគៀប ឃុំកញ្ជ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
អធិការនគរបាលស្រុកទឹកផុសលោកវរសេនីយ៍ឯក ខែម វិបុល បានឲ្យដឹងថា មុនពេលបង្ក្រាបសមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា មានចោរលួចក្របី ទើបសមត្ថកិច្ចបានចេញពួនស្ទាក់នៅចំណុចច្រកជាច្រើនក្នុងស្រុក និងបានឡោមព័ទ្ធដោយសហការជាមួយប្រជាការពារចំណុចខាងលើ ក៏ចាប់ឃាត់ខ្លួនជនសង្សយ័ទាំង៣នាក់ រួមនិងវត្ថុតាងខាងលើ បញ្ជូនមកអធិការនគរបាលស្រុក ដើម្បីធ្វើការសាកសួ។
លោកអធិការនគបាលស្រុក បានឲ្យដឹងបន្ថែមទៀតថា ក្រុមជនសង្សយ័ខាងលើនេះ ធ្លាប់ដើរលួចគោ ក្របី ពីតំបន់នៅខេត្តពោធិ៍សាត់ ដោយឆ្លងកាត់ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងឆ្ពោះទៅក្រុងភ្នំពេញ។
ពាក់ព័ន្ធករណីខាងលើនេះ អធិការនគបាលស្រុកទឹកផុស សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងស្រុក និងខេត្តផ្សេងៗ បើមានបាត់ សត្វគោ ក្របី សូមរាយការណ៍បន្ទាន់មកខាងសមត្ថកិច្ចធ្វើការពួនស្ទាក់ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបាត់ក្របីសូមធ្វើការទំនាក់ទំនងមកអធិការនគបាលស្រុកទឹកផុស ដើម្បីទំនាក់ទំនងយកសត្វក្របីមេកូនត្រឡប់យកទៅវិញ៕