ភ្នំពេញៈ អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេស បានឌឺដងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមានគម្រោងដោះលែងសកម្មជនអតីតបក្សប្រឆាំង១២រូប និងដោះលែងអ្នកទោសទ្រង់ទ្រាយធំនៅពេលខាងមុខនេះ។
ការឌឺរបស់អតីតមេបក្សប្រឆាំងរូបនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ បានប្រកាសថា សម្តេចមានគម្រោងលើកលែងអ្នកទោស ឬទណ្ឌិតទ្រង់ទ្រាយធំនៅពេលខាងមុខនេះ ក្នុងនោះក៏មានអតីតសកម្មជនបក្សប្រឆាំងផងដែរ។ ជាមួយគម្រោងនេះដែរ សម្តេចក៏បានលើកឡើងថា កុំឲ្យអ្នកដែលខាងក្រៅនិយាយ ការដោះលែងទណ្ឌិតនេះមកគំនាបអន្តរជាតិ ដែលសម្តេចស្អប់ ពាក្យនេះណាស់ ។
ជាងនេះសម្តចតេជោ ក៏បានព្រមានថា ប្រសិនបើអ្នកខាងក្រៅលើកឡើងថា ការដោះលែងទណ្ឌិតដោយសារគំនាបអន្តរជាតិ សម្តេចនឹងទុកទណ្ឌិតដែលគម្រោងនឹងដោះលែងនោះធ្វើលិខិតថ្កោលទោសចំពោះអ្នកនិយាយសិន ទើបដោះលែងជាក្រោយ ឬទុកឲ្យជាប់ពន្ធនាគារបន្តទៀត។
ទោះបីជាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាសធារណៈយ៉ាងណាក្តីលោក សម រង្ស៊ី អតីតបក្សប្រឆាំងបានលើកឡើងនៅថ្ងៃទី២៣ សីហា ពោលគឺក្រោយសម្តេចមានប្រសាសន៍ប៉ុន្មានម៉ោង ប៉ុណ្ណោះថា ការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ នៅប្រទេសកម្ពុជា ដោយសារតែសម្តេច ហ៊ុន សែន ទ័លច្រក ក្រោយពីការបោះឆ្នោតក្លែងក្លាយ ថ្ងៃទី២៩ កក្កដា កន្លងទៅនេះ ហើយដោយសារតែសម្ពាធពីសហគមន៍អន្តរជាតិ ដែលដកភាពស្របច្បាប់ពីរដ្ឋាភិបាលរបស់គាត់ ហើយត្រៀមដាក់ទណ្ឌកម្ម កាន់តែខ្លាំងឡើងៗ មកលើរបបផ្តាច់ការរបស់គាត់សម្តេច ហ៊ុន សែន ត្រូវបង្ខំចិត្តដោះលែងអ្នកទោសនយោបាយទាំងអស់ ក្នុងពេលឆាប់ៗខាងមុខនេះ។
លោកបញ្ជាក់ថា «ខ្ញុំសូមប្រាប់ទៅសម្តេច ហ៊ុន សែន វិញថា ការដោះលែងអ្នកទោសនយោបាយទាំងអស់ ជាបន្ទាន់និងដោយឥតលក្ខខណ្ឌ គ្រាន់តែជាលក្ខខណ្ឌចាំបាច់មួយ តែមិនមែនជាលក្ខខណ្ឌគ្រប់គ្រាន់ទេ ដើម្បីឲ្យគាត់សង្ឃឹមថា សហគមន៍អន្តរជាតិ នៅតែនិយាយរកគាត់ទៀត»។
លោកបានបន្ថែមថា ក្នុងចំណោមលក្ខខណ្ឌដទៃទៀត ដែលសម្តេច ហ៊ុន សែន ត្រូវបំពេញថែមទៀត មានការអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ការអនុញ្ញាតឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ១១៨រូប មានសិទ្ធិធ្វើសកម្មភាពនយោបាយពេញលេញដូចមុន និងការផ្តល់តំណែងជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទៅឲ្យសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៥០០៧ រូប ដែលបានជាប់ឆ្នោត ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ខែមិថុនា ២០១៧ ព្រមទាំងការទម្លាក់ចោលនូវរាល់ការចោទប្រកាន់ចំពោះមន្ត្រីគណបក្សប្រឆាំងទាំងអស់ និងមន្ត្រីសង្គមស៊ីវិលទាំងអស់ ដែលសម្តេច ហ៊ុន សែន នឹងតុលាការអាយ៉ងរបស់គាត់ បានរករឿង ធ្វើទុក្ខបុកម្នេញ ដោយហេតុផលនយោបាយ។
ជាមួយគ្នានោះដែរ លោក សម រង្ស៊ី ក៏បានលើកឡើងថា មានតែដោយបំពេញលក្ខខណ្ឌទាំងអស់ខាងលើនេះទេ ទើបសម្តេច ហ៊ុន សែន អាចផ្តល់ជំនឿទៅសហគមន៍អន្តរជាតិថា លទ្ធិប្រជាធិបតេយ្យ អាចរស់ឡើងវិញបាន នៅប្រទេសកម្ពុជា។
យ៉ាងណាក្តីសម្រាប់ការលើកឡើងរបស់អតីតមេបក្សប្រឆាំងនេះ ត្រូវបានអ្នកវិភាគនយោបាយនាំគ្នាលើកឡើងថា លោក សម រង្ស៊ី កំពុងឌឺសម្តេចតេជោ ហ៊ុន សែន ហើយនឹងចង់ឲ្យអ្នកជាប់ពន្ធនាគារបន្តជាប់ដោយសារអណ្តាតរបស់លោកតែម្តង៕