ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានដាស់តឿនលោកស្រី ទេព វន្នី និងសហការី៣នាក់ទៀត ដែលត្រូវបានលើកលែងទោស ត្រូវពិចារណាឲ្យបានដិតដល់ អំពីមូលហេតុដែលត្រូវលើកលែងទោស។
ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនេះ បន្ទាប់ពីព្រះករុណ ព្រះបាទសម្តេច នរោត្តម សីហមុនី បានត្រាស់បង្គាប់ឲ្យលើកលែងទោសលោកស្រី ទេព វន្នី និងសកម្មជនដីធ្លីបឹងកក់ចំនួន៣នាក់ផ្សេងទៀត កាលពីថ្ងៃទី២០ ខែសីហាម្សិលមិញ។
លោក សុខ ឥសាន បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី២១ ខែសីហានេះថា សកម្មជនដីធ្លី ត្រូវបានលើកលែងទោស រួមមានលោកស្រី ទេព វន្នី និងសហការី៣នាក់ទៀត ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យលើកលែងទោស តាមសំណើទូលថ្វាយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ។
លោកបញ្ជាក់ថា “ការដោះលែងនេះ បានបញ្ជាក់ថា ទណ្ឌិតបានកែប្រែអត្តចរិតបានល្អប្រសើរគួរសម ហើយក៏បានបញ្ជាក់យ៉ាងច្បាស់ពីមនោសញ្ចេតនារបស់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែមានដក់នៅក្នុងអារម្មណ៍សណ្តោសប្រោសប្រណីដល់ពលរដ្ឋខ្មែរគ្រប់រូប ដែលសម្តេច តែងតែជួយស្រោចស្រង់ឲ្យរួចផុពីការលំបាក ទុក្ខវេទនា ដោយមិនប្រកាន់និន្នាការនយោបាយ ឬអតីតកាលដែលធ្លាប់ជេរប្រមាថសម្តេច យ៉ាងអយុត្តិធម៌នោះ”។
លោកបានបន្តថា តែទោះយ៉ាងណាក្តី ដើម្បីស្របតាមបំណងប្រាថ្នាទាំងអស់គ្នា មានតែសាម៉ីជន ត្រូវចេះភ្ញាក់រឭកដោយខ្លួនឯងផង នោះទើបរកឃើញសុភមង្គលក្នុងក្រុមគ្រួសារ តទៅបញ្ហាសំខាន់គួរកុំចេះតែភ្លើតភ្លើនតាមការញុះញង់របស់បរទេស និងក្រុមជនអគតិមួយចំនួន ដែលបានរត់ភៀសខ្លួននៅក្រៅប្រទេស ហើយខិតខំបញ្ជើតអ្នកនៅក្នុងស្រុកឲ្យហក់លោត បម្រើមហិច្ឆតារបស់ពួកគេ ដល់មានការអីពួកគេចខ្លួនទៅបរទេសបាត់ មករងទុក្ខវេទនាតែអ្នកដើរតាមការញុះញង់ពីក្រៅ ឯពួកនៅខាងក្រៅបានតែស្រែកឥតប្រយោជន៍តែប៉ុណ្ណោះ ដល់មានការដោះលែង គឺបានដោយសារអ្នកដែលធ្លាប់រងការជេរប្រមាថហ្នឹងឯង។
លោកបានគូសបញ្ជាក់ថា “ត្រង់ចំណុចនេះ គួរសាម៉ីជនមានការគិតគូពិចារណាឲ្យបានដិតដល់មែនទែន មិនគួរភ្លើនភ្លើនចង់បានជាវីរៈនារី ពីពួកញុះញង់នោះទេ តើវីរៈនារីបានជួយស្អីខ្លះ បាន គឺមានតែនៅរងទុក្ខវេទនាក្នុងគុក ជំនួសពួកញុះញង់នៅក្រៅប្រទេសតែប៉ុណ្ណោះ”៕