header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បេក្ខជនប្រឡងបាក់ឌុបទាំងអស់ នៅតាមបណ្តាស្រុក នៃខេត្តកំពត បានធ្វើដំណើរមកប្រឡងនៅក្នុងមណ្ឌលចំនួន៩ ដែលមានទីតាំងនៅក្នុងក្រុងកំពត និងឃុំជាប់ក្រុង នៃស្រុកទឹកឈូ។ វត្តមានរបស់ពួកគេ បានធ្វើឲ្យក្រុងកំពត អ៊ូអរទាំងពេលថ្ងៃ និងពេលព្រលប់ ផ្ទះសំណាក់ អាហារដ្ឋាន ផ្សាររាត្រី និងតំបន់មាត់ព្រែក ហាក់មានភាពមមាញឹកខ្លាំងខុសពីធម្មតា។

នៅក្នុងសម័យប្រឡងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ខេត្តកំពត មានសិស្សសរុបចំនួន៥.៥១៩នាក់ ត្រូវមកប្រឡងនៅក្នុងមណ្ឌល៩ ក្នុងក្រុងកំពត និងស្រុកទឹកឈូ។ ដើម្បីមានភាពងាយស្រួល និងមកទាន់ម៉ោងប្រឡង ខណៈដែលផ្លូវពិបាកក្នុងការធ្វើដំណើរទៅមក សិស្សភាគច្រើនមកពីបណ្តាស្រុក បាននាំគ្នាមកសម្រាកនៅផ្ទះសាច់ញាតិ និងផ្ទះសំណាក់ក្នុងក្រុងកំពត ក្បែរមណ្ឌលប្រឡងរបស់ខ្លួន។ ចំណែកឪពុកម្តាយ អាណាព្យាបាល បងប្អូន មិត្តភក្តិរបស់សិស្សខ្លះ ក៏បានមកផ្តល់កម្លាំងចិត្ត ដើម្បីឲ្យពួកគេឲ្យមានអារម្មណ៍កក់ក្តៅ និងមានភាពជឿងជាក់លើខ្លួនឯង ក្នុងការប្រឡងឲ្យបានជាប់ និងទទួលបាននិទ្ទេសល្អផងដែរ។ កត្តាទាំងនេះ បានធ្វើឲ្យក្រុងកំពត ហាក់ដូចមមាញឹកខ្លាំង ពិសេសពេលព្រលប់ក្រោយពេលសិស្សសម្រាកពេលប្រឡង គេសង្កេតឃើញថា នៅតាមដងផ្លូវនានាក្នុងក្រុង កន្លែងអាហារដ្ឋាន ផ្សាររាត្រី សួនសាធារណៈ ផ្ទះសំណាក់ និងតំបន់មាត់ព្រែកកំពត មានសភាពអ៊ូអរ និងមមាញឹកខ្លាំង។

សិស្សស្រីម្នាក់ ឈ្មោះ លិម ឆេងមុន្នី មកពីវិទ្យាល័យអង្គស្តុក ឲ្យដឹងថា នាងមកអង្គុយនៅមាត់ព្រែក ដើម្បីបន្ធូរភាពតានតឹង និងត្រៀមខ្លួនឲ្យបានល្អសម្រាប់ប្រឡងថ្ងៃបន្ទាប់។ មុន្នីថា ថ្ងៃទី១ នាងធ្វើបានច្រើនគួរសម ហើយថា ការដែលមកស្រូបយកខ្យល់អាកាសនៅមាត់ព្រែក ជាមួយមិត្តភក្កិ រួមជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីសម្រាក និងប្រមូលផ្តុំអារម្មណ៍ឲ្យមានការចង់ចាំខ្ពស់ ព្រោះការប្រឡង ចេះគឺជាប់ មិនអាចចម្លង ឬដាក់ប្រ៊ីយ៉ុងមើលបានទេ។

ចំណែក លោក ផុង សម័យ បម្រើការផ្នែកបដិសណ្ឋាកិច្ចនៅផ្ទះសំណាក់ភ្នំមាស ឲ្យដឹងថា ផ្ទះសំណាក់របស់លោកពេញគ្រប់បន្ទប់តែម្ដង ហើយភាគច្រើនជាសិស្សតាមបណ្តាស្រុកមកប្រឡងបាក់ឌុប។ ផ្ទះសំណាក់របស់លោក បានឡើងថ្លៃបន្តិចបន្តួចប៉ុណ្ណោះ ព្រោះលោកអនុញ្ញាតឲ្យសិស្សអាចគេងរួមគ្នា គនុងមួយបន្ទប់ពី៦ ទៅ៧នាក់។

ដោយឡែក អ្នកលក់សម្លៀកបំពាក់នៅផ្សាររាត្រីកំពតវិញ ក៏ប្រាប់ឲ្យដឹងដែរថា ពីរថ្ងៃនេះ គឺចាប់ពីមុនថ្ងៃប្រឡងមួយថ្ងៃ កញ្ញាសង្កេតឃើញក្រុងកំពត មានភាពអ៊ូអរ អ្នកលក់ដូរមមាញឹកខ្លាំងណាស់ ពិសេសពេលព្រលប់ ព្រោះសិស្សមកប្រឡង គាត់ត្រូវការដើរលម្ហែសម្រាកខួរក្បាល។ កញ្ញាលក់ដាច់ច្រើនដែរ ដោយសារក្រុមសិស្ស និងអាណាព្យាបាលជួយទិញ ហើយកញ្ញាជូនពរឲ្យសិស្សទាំងអស់ប្រឡងជាប់ និងទទួលបាននិទ្ទេសល្អ។

ទន្ទឹមនឹងវត្តមានរបស់សិស្ស និងអាណាព្យាបាល ឪពុកម្តាយមកក្រុងកំពតច្រើននេះ គេសង្កេតឃើញសំរាមនៅក្នុងធុងតាមបណ្តោយព្រែក ស្ទើរគ្រប់ធុង ពិសេសចាប់ពីស្ពានចាស់ ដល់ស្ពានថ្មី គឺហ៊ាធុងតែម្តង ហើយកន្លែងខ្លះមានក្លិនមិនល្អ មិនដឹងថា ដោយសារវត្តមានសិស្សប្រឡងបាក់ឌុប ឬដោសារក្រុមអនាម័យ មិនមកយកនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post