header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨​​ ប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិននាំគ្នាសែនក្បាលទឹកឬបុណ្យភ្ជុំចិន​ ដើម្បីបួងសួងសុំសេចក្តីសុខ និងរកស៊ីមានបាន ត្រជាក់ត្រជុំដល់ក្រុមគ្រួសារ។

ប្រជាពលរដ្ឋខ្មែរដែលជាប់សែស្រឡាយចិននៅទូទាំងប្រទេស កម្ពុជា បានជួបជុំក្រុមគ្រួសារសាច់ញត្តិជិតឆ្ងាយនាំគ្នាសែនក្បាលទឹកនៅតាមផ្ទះរៀង ៗខ្លួន ទៅតាមកម្រិតជីវភាពផ្សេងៗគ្នា។

លោកស្រី ឃុតណារិន ប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិនរស់នៅរាជធានីភ្នំពេញ បានឲ្យដឹងថា គ្រួសាអ្នកស្រី តែងសែនក្បាលទឹក នេះមិនដែលខកខានឡើយ ពីព្រោះវាជាទំនៀមទំលាប់តាំងពីដូនតារបស់អ្នកស្រីមក ម្ល៉េះ។

លោកបណ្ឌិត ជា មុនីឫទ្ធិមន្ត្រីស្រាវជ្រាវ នៃរាជបណ្ឌិតសភាកម្ពុជាមានប្រសាសន៍ថា ៖ ពិធីសែនក្បាលទឹកជាភាសាចិនថា ពិធីចុងយាន ឬ ពិធីបុណ្យខ្មោច ប៉ុន្តែវាត្រូវបានបកប្រែនិងប្រើប្រាស់ជាសកលនៅក្នុងប្រទេសកម្ពុជារៀងរហូតមកថាជា ពិធីសែនក្បាលទឹក។ ពិធីនេះត្រូវបានគេប្រារព្វឡើងនាថ្ងៃទី១៥កើត ខែ៧ តាមច័ន្ទគតិរបស់ជនជាតិចិន ហើយដែលឆ្នាំនេះត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។ ជនជាតិចិនដែលតែងប្រតិបត្តិជំនឿនេះមានជនជាតិចិនទាជីវ ហុកគាង ខិ និងកន្តាំងជាដើម ដែលបានរស់នៅក្បែទន្លេ ឬសមុទ្រ។

បុណ្យនេះ ជាទូទៅគឺកំណត់យក ថ្ងៃ១៥កើត ខែ៧ (ខែចិន) រៀបតាមច័ន្ទគតិដែលប្រជាជនខ្មែរកាត់សែស្រឡាយចិន ខាងចិនទៀជាវ ពួកគេតែងតែធ្វើគ្រប់ៗគ្នា។ 

សែនក្បាលទឹក ឬ ភាសាចិន ហៅថា  (Zhong Yuan Jie) ចុង យៀនជៀ ដែលមានសេចក្តីជាខ្មែរ ស្រដៀងទៅនឹងបុណ្យភ្ជុំដូច្នោះដែរនោះ និងមានឈ្មោះមួយទៀតថា (gui jie)(គួយជៀ) មានសេចក្តីថា បុណ្យខ្មោច ត្រូវបានប្រជាជនចិន វៀតណាម និងខ្មែរកាត់ចិន ធ្វើឡើងជារៀងរាល់ឆ្នាំ មិនដែលរំលងនោះទេ។ វាជាពិធីបុណ្យធំមួយផងដែរ បន្ទាប់ពីបុណ្យចូលឆ្នាំចិន ឬ បុណ្យនិទាឃរដូវ។ បុណ្យនេះ គេមិនបានរៀបចំផ្ទះ ទិញគ្រឿងលំអ តាំងស្អេកស្កះ ដូចចូលឆ្នាំនោះទេ។ គេគ្រាន់តែរៀបចំសែនជាធម្មតា ដែលចែកជាពីរដង លើកទីមួយ នៅពេលថ្ងៃ សែនដល់កុងម៉ា ជីដូនជីតា ហើយលើកទីពីរ នៅពេលល្ងាច គឺសែនដល់ខ្មោចបីសាចអនាថា ដែលគ្មានញាតិ គ្មានផ្ទះសម្បែង ឬ រកផ្ទះញាតិមិនឃើញ។

ជំនឿនៃការសែន និងសំណែន ត្រូវបានធ្វើតាមការជឿ ដោយរៀងៗខ្លួន គ្រួសារខ្លះ គេសែនផ្លែឈើ នំនែកពីព្រឹក ហើយពេលថ្ងៃត្រង់ សែនបាយសម្លរម្តងទៀត ក៏សន្មត់ថាចប់ ដោយមិនសែនពេលល្ងាចនោះទេ។ តែគ្រួសារខ្លះ ក៏សែនល្ងាចម្តងទៀត តាមជំនឿ និងធនធានដែលខ្លួនមាន។ បន្ទាប់ពីការសែនព្រែនរួចហើយ គេនៅមានដុតបូជា ក្រដាសសែនផ្សេងៗ មានលុយ មាសប្រាក់ សំលៀកបំពាក់ និងគ្រឿងសែនក្រដាសផ្សេងៗទៀត មានតាំងពីប៉ាស្ព័រ វីសារ សំបុត្រយន្តហោះ រថយន្ត ផ្ទះ។

ក្នុងជំនឿជនជាតិចិន ខែ៧ក្នុងខែចិននេះ គឺជាខែខ្មោច ដូច្នេះគេហាមដាច់ខាត អំឡុងខែនេះ មិនត្រូវធ្វើដំណើរទៅឆ្ងាយ ជួសជុលផ្ទះសម្បែង ទិញផ្ទះ បើកហាងលក់ដូរ និងអាជីវកម្ម ជាដាច់ខាត ព្រោះវាអាចនាំរឿងមិនល្អ សម្រាប់អាជីវកម្ម និងគ្រួសារគេ។  យ៉ាងណាក៏ដោយទាំងនេះសុទ្ធតែជាជំនឿមួយ ក្នុងចំណោមជំនឿចិន វៀតណាម ដែលមិនមានចែង ក្នុងច្បាប់ក្រមទំនៀមទម្លាប់ខ្មែរនោះទេ តែដោយហេតុថា ប្រទេសកម្ពុជាមានចម្រុះជនជាតិ ជំនឿសាសនា និងអបិយជំនឿ រាជរដ្ឋាភិបាល មិនបានហាមឃាត់នោះឡើយ។ វាក៏ជារឿងល្អមួយដែរ សម្រាប់សន្តិភាពជំនឿសាសនា។ ម្យ៉ាងវិញទៀត វាក៏ជាថ្ងៃ ដែលបងប្អូន ញាតិមិត្តបានជួបជុំសែនព្រេន និងសប្បាយរីករាយផងដែរ ហូអាហារួមគ្នាផងដែរ។

គួរបញ្ជាក់ថា ពិធីសែនក្បាលទឹកជាជំនឿមួយក្នុងចំណោមជំនឿជាច្រើនរបស់ជនេជាតិចិន វៀតណាមប៉ុណ្ណោះ។ វាមិនមានចែង ក្នុងច្បាប់ក្រមទំនៀមទម្លាប់ខ្មែរនោះឡើយ តែដោយហេតុថា ប្រទេសកម្ពុជាមានចម្រុះជនជាតិ ជំនឿសាសនា និងអបិយជំនឿ រាជរដ្ឋាភិបាល មិនបានហាមឃាត់នោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post