header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ចាមៈ លោក សេង​ ទៀង​ ជំនួយ​ការ​ផ្ទាល់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​នាំយក​អំណោយ​ជា​ថវិកា​ និង​សម្ភារៈ​ ស្បៀង​អាហារ​ ជូន​ដល់​គ្រួសារ​កូន​ភ្លោះ​៣នាក់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៨​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ចាម​ ។

ឆ្លៀតក្នុងឱកាសនោះដែរ​ លោក​ សេង​ ទៀង​​ ជំនួយ​ការ​ផ្ទាល់​​សម្តេច​តេជោ​ បាន​ពាំនាំនូវ​សេចក្ដី​នឹករលឹក​ និង​ការ​សាកសួរ​សុខទុក្ខ​ ពី​សំណាក់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ដែល​ជានិច្ចកាល​តែងតែ​គិត​គូរ​ពី​សុខទុក្ខ​ របស់​បងប្អូន​ប្រជាពលរដ្ឋ​ ជា​ពិសេស ​គ្រួសារ​កូនភ្លោះ​៣ ឬ៤នាក់​ ដែល​​ជួប​​ការ​ខ្វះខាត​ច្រើន​ ក្នុង​ការ​ថែទាំ​ទារក​ និង​ម្តាយ​ទារក​ ដោយ​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ​ ឬ​ពណ៌​សម្បុរ​ជាតិ​សាសន៍​អ្វី​ឡើយ ​​​។

សូម​បញ្ជាក់​ថា​ កូនភ្លោះ​ប្រុស​ទាំង​៣នាក់​ ដែល​សម្តេច​ចាត់ទុកជា​ចៅ​របស់​សម្ដេចនេះ​ មាន​សុខភាព​ល្អ​ជាធម្មតា​ទេ​ ដោយ​ក្រុម​គ្រូពេទ្យ​ខេត្តកំពង់ចាម​ កំពុង​តែ​ធ្វើ​ការ​ថែទាំ​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត​​ កូន​ទី១-ឈ្មោះ​ ឱក​ សុខនឿន​ ទម្ងន់​១,៧៥គីឡូក្រាម,​ ទី២-ឈ្មោះ​ ឱក​ សុខឌឿន​ ១,៧១គីឡូក្រាម​ និង​ទី៣-ឈ្មោះ​ ឱក​ សុខឌី​ ទម្ងន់​១,៣៥គីឡូក្រាម​ ដែលជា​កូន​ទី២ក្នុង​គ្រួសារ​កសិករ​ ដែលមានឪពុក​ឈ្មោះ ​ឱក​ សុខគង់​ អាយុ​៣៥ឆ្នាំ​ និង​ម្តាយ​ឈ្មោះ ​ប៊ុន​ កុសល​ អាយុ​២៣ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ទី៤​ ឃុំ​ព្រែក​អាជី​ ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​ ។

អំណោយ​ដែល​ត្រូវ​ទទួល​បាន​រួមមាន​ ថវិកា​៥លានរៀល,​ អង្ក​រ​៤បេ​ ស្មើ​នឹង​២០០គីឡូក្រាម,​ ម្សៅ​ទឹក​ដោះគោ​២កេស​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ ក្នុង​នោះ​ដែរ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ជួយ​ឧបត្ថម្ភ​ប្រាក់​ចំនួន​១០០០ដុល្លារ​​អាមេរិក​ បន្ថែម​ ​ព្រោះ​ស្ត្រី​ជា​ម្ដាយ​ទារក​ ត្រូវ​ធ្វើ​ការ​វះកាត់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ ហើយ​ត្រូវ​ការ​ថែទាំ​សុខភាព​ទៅ​មុខ​ទៀត​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post