header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ ពលករខ្មែរចំនួន៥នាក់ ក្នុងចំណោមពលកររាប់រយនាក់ ដែលបានឆ្លងដែនចូលទៅធ្វើការនៅក្នុងប្រទេសថៃ(ចូលព្រឹកវិលល្ងាច) ត្រូវបានក្រុមទាហានឈុតខ្មៅថៃដេញស្ទាក់និងចាប់ខ្លួនបាន ព្រមទាំងបានបញ្ជូនទៅកាន់ស្ថានីយតម្រួតខេត្តច័ន្ទបុរី ដើម្បីអនុវត្តតាមផ្លូវច្បាប់ បន្ទាប់ពីពួកគេទាំងអស់គ្នា បានចូលទៅបាញ់ថ្នាំលើព្រៃឈើ ក្នុងតំបន់ហាមឃាត់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ មានពលករខ្មែរមិនតិចជាង៣០០នាក់ឡើយបានចូលទៅទិញសំបុត្រឆ្លងដែន ដែលមានតម្លៃ ១០០០រៀល នៅចំណុចច្រករបៀងព្រះពុទ្ធ (ហៅបឹងឆ្នាំង) ស្ថិតក្នុងទឹកដី ស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងគោលបំណងចូលទៅធ្វើការឲ្យ​ជនជាតិថៃ ដោយសារតែមានថៅកែថៃមកចាំទទួល និងដឹកយកទៅធ្វើការផងដែរ។ នៅពេលនោះដែរថៅកែថៃ បានយកពលករខ្មែរទាំងអស់នោះ ចូលទៅកាន់ខេត្តច័ន្ទបុរី ព្រមទាំងបាននាំឆ្លងកាត់ភ្នំឲ្យ​ទៅបាញ់ថ្នាំសម្លាប់ស្មៅនៅលើខ្សែបន្ទាប់ព្រំដែន ខេត្តច័ន្ទបុរី និងខេត្តត្រាត ដោយថៅកែបានដកខ្លួនមកសម្ងំសុខនៅក្នុងខេត្តច័ន្ទបុរីធ្វើព្រងើយ គឺនៅពេលនោះហើយដែលក្រុមទាហានឈុតខ្មៅថៃ បានដេញចាប់ពួកគេតែម្តង ដោយសារតែតំបន់នេះ គឺជាព្រៃក្នុងតំបន់ហាមឃាត់។

ក្រោយពីមានការភ្ញាក់ផ្អើលដោយសារតែការចាញ់បោកពួកថៅកែថៃ ទើបពួកគេនាំគ្នាវិលត្រឡប់មកកម្ពុជាវិញ ដោយឡែកពលករចំនួន៥នាក់ ត្រូវបានចាប់ខ្លួន ចូលទៅក្នុងទឹកដីថៃ​ ដើម្បីសាកសួរ ដែលបញ្ហានេះ គឺសុទ្ធសឹងជាករណីខុសច្បាប់ទាំងអស់ទាំងការឆ្លងដែន ក៏ដូចជាការទន្ទ្រានដីតំបន់ហាមឃាត់យ៉ាងដូច្នេះដែរ ។ ច្រករបៀងខាងលើនេះ គឺស្ថិតក្រោមការគ្រប់គ្រងរបស់យោធាវរ៥០៤ និងនគរបាលការពារព្រំដែនគោកលេខ ៨១៩។

លោក ប៉ាន់ សុធា មេបញ្ជាការវរ៥០៤ បានលើកឡើងថា ករណីនេះ លោកបានទាក់ទងទៅក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃហើយ ដោយលោកបានចាត់តាំងកម្លាំង​របស់លោក សហការជាមួយនគរបាលវរការពារព្រំដែនគោកលេខ៨១៩ ដើម្បីចុះទៅកាន់ទីតាំកើតហេតុ ក្នុងការសាកសួរព័ត៌មាន និងស្នើសុំយកពលករទាំងនោះមកកម្ពុជាវិញ ដោយសារតែបញ្ហានេះ វាគឺជាកំហុសរបស់ថៅកែថៃតែប៉ុណ្ណោះ។

ដោយឡែកលោកមេបញ្ជាការ៨១៩ បានអះអាងថា លោកបានដឹកនាំកម្លាំង​ចុះផ្ទាល់ ដើម្បីធ្វើការចរចាជាមួយភាគីថៃ ដោយសារតែវាមិនមែនជាកំហុសរបស់ពលករខ្មែរ ដូច្នេះភាគីថៃក៏បានឯកភាពដោយបានសន្យាថានិងបញ្ជូនមកកម្ពុជាវិញនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post