header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់កិច្ចអន្តរាគមន៍ ដល់ពលការិនីខ្មែរ ម្នាក់ទៀតហើយ ឈ្មោះ លី សំរ៉ោះ អាយុ២២ឆ្នាំ ដែលចាញ់បោកមេខ្យល់ខុសច្បាប់ម្នាក់មិនមានក្រុមហ៊ុនច្បាស់លាស់ ឈ្មោះ ជីប ណូស្នី នៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ពលការនីជនរងគ្រោះឈ្មោះ លី សំរ៉ោះ អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម មកពីភូមិត្រពាំងថ្ម ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាកូនច្បង ក្នុងចំណោមបងប្អូន ៧នាក់ ដែលជាគ្រួសារកសិករ មានជីវភាពក្រលំបាក បានសម្រេចចិត្តទៅធ្វើការជាស្រ្តីបម្រើការងារផ្ទះនៅអារ៉ាប៊ីសាអូឌីត តាមរយៈមេខ្យល់ខុសច្បាប់មិនមានក្រុមហ៊ុន និងអាជ្ញាបណ្ណបញ្ជូនពលករ បានបញ្ជូននាងទៅធ្វើការ កាលពីខែមិថុនា ឆ្នាំ២០១៧។

តាមការបញ្ជាក់ដោយផ្ទាល់ពីស្រ្តីរងគ្រោះខាងលើ ក៏បានអោយដឹងដែរថា កំឡុងពេលជាង ១៤ ខែ ដែលខ្លួនស្នាក់នៅបម្រើការងារនៅអារ៉ប៊ីសាអូឌីត គឺភាគីមេខ្យល់ដែលបញ្ជូននាងទៅដោយខុសច្បាប់នោះ បានទាក់ទងនិយាយគ្នាបានម្តងគត់ តែក្រោយមកក៏បាត់ឈ្មោះសូន្យឈឹង លែងទាក់ទងបាន ខណៈដែលខ្លួនជាស្រ្តីបម្រើការងារ បានបន្តធ្វើការងារទាំងវេទនា ត្រូវបានម្ចាស់ផ្ទះប្រើអោយធ្វើការហួសកម្លាំង និងលើសម៉ោងរហូត។

លី សំរ៉ោះ បន្ថែមថា ទោះយ៉ាងណា បញ្ហារំលោភលើកម្លាំងពលកម្ម មិនសូវចោទជាបញ្ហាធំនោះទេ អ្វីដែលជាឧបសគ្គធំធេងបំផុត ដែលជាមូលហេតុធ្វើអោយនាងរកវិធីចាកចេញពីផ្ទះដែលធ្វើការ ក៏ដូចជារកអ្នកជួយផ្តល់អន្តរាគមន៍ គឺដោយសារតែថៅកែប្រុសជាភាគីម្ចាស់ផ្ទះដែលខ្លួននៅបម្រើការងារនោះ ក្រៅពីរំលោភលើកម្លាំងពលកម្មធ្វើការហួសកំណត់ហើយ គឺតែងតែមកឆាឆៅ ក្នុងគោលបំណងរំលោភលើខ្លួនប្រាណរបស់នាងថែមទៀត។  

ភ្លាមៗឆ្លើយតបនឹងការប្រកាសស្វែងរកការជួយអន្តរាគមន៍ពីសំណាក់ស្ត្រីរងគ្រោះខាងលើ លោកអូស្មាន ហាស្សាន់ បានលើកឡើងថា ក្នុងនាមជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទទួលភារកិច្ចពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈផ្ទាល់ ក្នុងការទទួលបន្ទុកដោះស្រាយរាល់បញ្ហានានាទាក់ទងនឹងវិស័យពលកម្មការងារ និងបញ្ហាផ្សេងៗនៅបណ្តាប្រទេសមជ្ឈឹមបូព៌ា  ខ្ញុំក៏បានចាត់ចែងដោះស្រាយជាបន្ទាន់ ដោយធ្វើការទំនាក់ទំនងជាមួយស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប ដើម្បីផ្តល់បទអន្តរាគមន៍ សម្រួលអោយនារីរងគ្រោះខាងលើនេះ បានចាកចេញពីម្ចាស់ផ្ទះជនជាតិអារ៉ាប់ដែលខ្លួនកំពុងបម្រើការងារ ទៅរកមណ្ឌលគាំពារស្ត្រីរងគ្រោះអារ៉ាប៊ីសាអូឌីត ដោយសុវត្ថិភាព និង បានត្រឡប់មកកាន់កម្ពុជាវិញដោយសុវត្ថិភាព នៅយប់ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៩:៣០នាទីយប់។ តាមការបញ្ជាក់របស់លោក អូស្មាន ហាស្សាន់ ក៏បានអោយដឹងថានេះជានារី រងគ្រោះ ទី5 ហើយដែលខ្ញុំបាន ដោះស្រាយអោយបានវិលត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព ប៉ុន្តែដោយសារនៅប្រទេសអារ៉ាប់នោះ មិនទាន់មាន ស្ថានទូត ឬ ស្ថានកុងស៊ុល រាល់ការដោះស្រាយ បញ្ហាម្ដងៗ មានការលំបាក យឺតយ៉ាវដែលលើកទី 1ខ្ញុំ បានសហការនឹង ស្ថានទូត យើង ប្រចាំនៅ រដ្ឋគុយវ៉ែតផង អេហ្ស៊ីបផង ឯលើក ទី 2,3,4  និងទី5នេះ យើងធ្វើការសហការជាមួយនឹងស្ថានទូតយើងប្រចាំនៅអេហ្ស៊ីបតែម្តង។

ពលការនីរងគ្រោះ លី សំរ៉ោះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណដល់ លោកអូស្មាន ហាស្សាន់ ជាថ្នាក់ដឹកនាំក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហការីព្រមទាំងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសអេហ្ស៊ីប ដែលបានផ្តល់បទអន្តរាគមន៍ ដោះស្រាយទុក្ខលំបាករបស់នាងបានទាន់ពេលវេលា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post