ភ្នំពេញៈ ល្បែងហ្គេមបាញ់ត្រីមួយកន្លែង បើកលេងម៉ាសេរីតាមផ្លូវបេតុង ជិតបុរីហាយតិច១ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ទោះបីជាកន្លងទៅថ្មីៗនេះ មានទីតាំងល្បែងហ្គេមជាច្រើនកន្លែង ត្រូវបានលោកអភិបាលរងខណ្ឌច្បារអំពៅ ចុះបង្រ្កាបជាបន្តបន្ទាប់ និងដុតបំផ្លាញចោលក៏ដោយ តែទីតាំងល្បែងហ្គេមបាញ់ត្រីស៊ីសងមួយកន្លែងខាងលើនេះ ត្រូវបានអាជ្ញាធរខណ្ឌច្បារអំពៅមើលរំលងទៅវិញ ។
ប្រជាពលរដ្ឋបានបង្ហើបប្រាប់ថា ផ្ទះល្វែងមួយកន្លែងខាងកើតបុរីហាយតិច១ ប្រហែល៤០០ម៉ែត្រ តាមផ្លូវបេតុង ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដែលលួចលាក់បើកល្បែងបាញ់ត្រីស៊ីសងនោះ បានកំពុងបើកលេងយ៉ាងរំភើយ និងមានក្រុមក្មេងស្ទាវជាច្រើនបានចូលលេងទាំងយប់ទាំងថ្ងៃ ដោយសង្ស័យអាចនឹងមានការពពាក់ពពូនគ្នាប្រើប្រាស់ថ្នាំញៀនទៀតផង ដែលធ្វើឲ្យពួកគាត់ជាប្រជាពលរដ្ឋ មានការងឿងឆ្ងល់យ៉ាងខ្លាំង ពួកគាត់មិនដឹងថា ក្រុមម្ចាស់ទីតាំងនេះចេះសិល្ប៍ស្ពិនភ្នែក ឬក៏ខាងសាលាខណ្ឌ ជាអ្នកអនុញ្ញាតនោះឡើយ ប៉ុន្តែបើមើលទៅសកម្មភាពការបើកលេងនេះ គឺបើកលេងជាលក្ខណៈបំភ័ណ្ឌភ្នែកមហាជន មិនបើកចំហរទេ ដោយនូវខាងក្នុងប្រមូលម្តុំដោយក្រុមក្មេងទំនើង គេចសាលា គេចផ្ទះសំបែង ពួនសង្ងំនៅក្នុងនោះ។ អ្វីបន្ថែមនោះទៀតដែលធ្វើឲ្យពួកគាត់អត់យល់ពីចំណាត់ការ និងអនុសាសន៍របស់លោកអភិបាលខណ្ឌច្បារអំពៅនេះឡើយ ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ គេឃើញមានទាំងអ្នកកាសែត និងក្រុមអ្នកសារព័ត៌មាន របស់អង្គភាព និងស្ថាប័នមានតែឈ្មោះរាប់សិបអ្នក នៅអង្គុយរងចាំយកលុយបន្តបន្ទាប់គ្នា ដើម្បីបិទព័ត៌មានមិនចុះផ្សាយ ពីទីតាំងខាងលើនេះ ។ ដោយឡែក ភ្នាក់ងារ CAM POST ធ្វើដំណើរឆ្លងកាត់បានឃើញអ៊ូអរក៏ចុះទៅសួរនាំ ស្រាប់តែស្ត្រីដែលជាអ្នកមើលការខុសត្រូវចេញមកសួរនាំ ថាមករកអីដែរ? ហើយបានថតរូបភ្នាក់ងារយើងទៅវិញ ទើបភ្នាក់ងារយើងធ្វើការ Live ផ្ទាល់ពីទីតាំងនោះតែម្ដង ទើបអ្នកដែលកំពុងលេងនៅខាងក្នុងនាំគ្នាចេញមក ទាំងអ្នកកាសែត និងក្រុមអ្នកសារព័ត៌មាន របស់អង្គភាព និងស្ថាប័នមានតែឈ្មោះមួយចំនួននោះ ឡើងម៉ូតូជិះគេចចេញអស់ ក្រោយមកស្ត្រីដែលជាអ្នកមើលការខុសត្រូវទីតាំងហ្គេមបាញ់ត្រីនោះ ចេញមកចាក់សោរ ចេញទៅបាញ់ដែរ ។
ប្រជាពលរដ្ឋទាំងអស់នោះ បាននិយាយប្រាប់ភ្នាក់ងារ CAM POST ទៀតថា ប្រសិនបើលោកអភិបាលខណ្ឌច្បារអំពៅ និងអភិបាលរងខណ្ឌច្បារអំពៅ ពិតជាបានអនុញ្ញាតឲ្យទីតាំងល្បែងហ្គែមបាញ់ត្រីនេះបើកលេងវិញនោះ គឺលោកពិតជាថ្លើមប៉ុនមេឃហើយ ដែលហ៊ានប្រឆាំងទៅនឹងបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានី ដែលជាបុរសខ្លាំងទី២ បន្ទាប់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប្រជាពលរដ្ឋបន្តថា ទីតាំងហ្គេមបាញ់ត្រីខាងលើនេះ បានបើកលេង២៤ម៉ោងលើ២៤ម៉ោង ដោយមានក្មេងស្ទាវជាច្រើននាក់ បានចេញចូលលេងយ៉ាងសប្បាយ ធ្វើឲ្យអ្នកជិតខាងមានការព្រួយបារម្មណ៍ ព្រោះនៅជិតទីតាំងខាងលើ តែងតែមានការបាត់បង់សម្ភារៈក៏ដូចជា មានចោរគាស់ផ្ទះជាដើម ។
ជុំវិញព័ត៌មានខាងលើ អង្គភាពព័ត៌មាន CAM POST បានធ្វើការទាក់ទងទៅលោកអភិបាលរងខណ្ឌច្បារអំពៅហើយ ដោយពុំទាន់ទទួលបានការបញ្ជាក់អ្វីនៅឡើយទេ៕