ភ្នំពេញៈ ជនជាតិចិនមួយក្រុម សុទ្ធតែស្រវឹងស្រា បើករថយន្តព្រូសមួយគ្រឿង បោះពួយយ៉ាងលឿន បញ្ច្រាសផ្លូវ ហោះទៅបុកខឿនសួនរង្វង់មូល បណ្តាលឲ្យក្រឡាប់ផ្ងារជើង គ្មានអ្នករបួសនាំគ្នាលូនចេញមក ឆ្កាដៃជើង គ្មានញញើតនឹងច្បាប់ស្រុកខ្មែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១៖៥៥នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចរង្វង់មូលចោមចៅ ជ្រុងខាងកើត ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានដឹងថា រថយន្តបង្ក ម៉ាក TOTOTOTA Pirus ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AV-7114 បើកដោយជនជាតិចិន ទាំងអ្នករួមដំណើរជាមួយផងសរុបគ្នា៤នាក់ សុទ្ធតែស្រវឹងស្រា។
តាមប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ គឺរថយន្តបង្កបើកបរក្នុងល្បឿនលឿន តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ពីកើតទៅលិច លុះដល់ចំណុចសួនខាងកើតរង្វង់មូលចោមចៅ បែរជាឡើងលើផ្លូវបញ្ច្រាសទៅវិញ ធ្វើឲ្យអ្នកដំណើរលើផ្លូវអថិភាព គេចទាំងព្រលឹងចុងសក់ តាមពិតលោកបងជនជាតិចិនគាត់ស្រវឹងស្រា បើករថយន្តល្មើសច្បាប់ ហើយជ្រុលទៅបុកខឿនរង្វង់មូល ក្រឡាប់ផ្ងារកង់ឡើងលើ សំណាងហើយអ្នកជិះក្នុងរថយន្ត និងអ្នកដទៃមិនមានគ្រោះថ្នាក់ ក្រុមគាត់លូនចេញមក សម្រីធំជាងមាឌទៅទៀត ឆ្កាដៃជើង មិនញញើតនិងច្បាប់ស្រុកខ្មែរឡើយ។
ក្រោយកើតហេតុ ជនជាតិចិន៣នាក់ បានរត់ឡើងទៅជិះរថយន្តគ្នាគេមួយគ្រឿងទៀត ចាកចេញទៅបាត់ នៅសល់តែបងធំ ជាអ្នកបើកបរ មិនខ្វល់ ដូចជាគ្មានរឿងអ្វីកើតឡើង លុះមានរថយន្តបក្ខពួកគេមួយគ្រឿងទៀតមកដល់ បំរ៉ុងឡើងជិះ តែត្រូវបានសមត្ថកិច្ចឃាត់ជាប់ មិនទាន់អនុញាតឲ្យអ្នកបើកបររថយន្តខាងលើទៅណាឡើយ រងរចាំសមត្ថកិច្ចជំនាញ ចុះមកដល់ស្ទូចរថយន្តយកទៅរក្សាទុក រួមទាំងអ្នកបើកបរចិនចិត្តសឿងម្នាក់ផង៕