header ads

Sponsor

ភក្ដី

(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងសហគ្រិន និងការផ្ដូចផ្ដើមអោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា ក្រោមអធិបតីភាព ឯកឧត្ដម រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត ។

វគ្គបណ្ដុះបណ្ដាលនេះសហការរៀបចំដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ (OVOP) វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) និងអង្គការ CIESF និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងបុគ្គលិក នៃអង្គភាពទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានសភាពាណិជ្ជកម្មខេត្ត លោក លោកស្រីជាសមាជិក សមាជិកាគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ខេត្ត តំណាងអាជីវករ ពាណិជ្ជករ សិប្បករ និងតំណាងសហគមន៍កសិកម្មក្នុងខេត្ត ។

មានប្រសាសន៍ក្នុងឱកាសនោះ ក្នុងនាមឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដម រស់ ផារិទ្ធ អភិបាលរងខេត្ត បានសម្ដែងនូវការអរគុណចំពោះ OVOP NIPTICT និងCIESF ដែលបានសហការរៀបចំនូវវគ្គបណ្ដុះបណ្ដាលផ្នែកគ្រប់គ្រងសហគ្រិន និងផ្ដួចផ្ដើមឲ្យស្ដ្រីប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា នៅក្នុងខេត្តស្វាយរៀង នាពេលនេះ ហើយឯកឧត្ដមអភិបាលរងខេត្ត ក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈវគ្គបណ្ដាលនេះ នឹងផ្ដល់នូវវិភាគទានដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសស្រ្តី តាមរយៈការពង្រឹងសមត្ថភាពផ្នែកមូលដ្ឋានគ្រឹះ និងជំនាញបច្ចេកវិទ្យា សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចនៅមូលដ្ឋាន ។

ជាមួយនេះ តាងនាមឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដមក៏បានស្នើដល់សិក្ខាកាមទាំងអស់ សូមខិតខំយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់នូវគ្រប់បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និងវាគ្មិនទាំងអស់ នៃវគ្គបណ្តុះបណ្តាលនៅពេលនេះ ព្រមទាំងត្រូវចូលរួមពិភាក្សា និងសួរដេញដោលឲ្យបានផុសផុលក្នុងក្របខ័ណ្ឌនៃប្រធានបទនៅថ្ងៃនេះ ដើម្បីស្វែងយល់ និងចាប់យកចំណុចគន្លឹះសម្រាប់យកទៅប្រើប្រាស់ក្នុងកិច្ចការងារ ក៏ដូចជាមុខរបរ និងអាជីវកម្មរបស់ខ្លួន ឲ្យកាន់តែមានភាពជោគជ័យ និងរីកចម្រើនថែមទៀតផងដែរ ៕
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post