header ads

Sponsor

ពិសី

កំពង់ចាមៈ ដោយ​មាន​ការ​យកចិត្ត​ទុកដាក់​ពី​សំណាក់​ លោក​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​ ក៏ដូចជា​ប្រធាន​មន្ទីរ​ អង្គភាព​ ជំនាញ​​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​​ បាន​ត្រៀម​លក្ខណៈ​ជាស្រេច​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​បូមទឹក​តូច​-ធំ​ ដើម្បី​ធ្វើការ​រំដោះ​ទឹក​តាម​ប្រព័ន្ធ​លូ​ចេញពី​ក្រុងកំពង់ចាម​ ចូល​ទៅក្នុង​ទន្លេ​វិញ​ ខណៈកម្ពស់ទឹក​ទន្លេ​មេគង្គ​នៅ​តែ​បន្ត​​ហក់​ឡើង​ជាបន្តបន្ទាប់​ ជិត​ដល់​ចំណុច​ប្រកាស​អាសន្ន​ ១៥,២០ម៉ែត្រ​។

​យោង​តាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គលើ ដែលក្រសួងធនធានទឹក និងឧតុនិយម បាន​ប្រកាសកាលពីថ្ងៃទី២​ ខែសីហា​ ឆ្នាំ​២០១៨នេះ​ បានព្យាករណ៍ថា​ កម្ពស់ទឹកទន្លេមេគង្គផ្នែក​ខាងលើ​ ដែលមានខេត្តស្ទឹងត្រែង​ និងខេត្តក្រចេះ​ ទឹកនឹងអាច​ស្រកចុះជាបន្តបន្ទាប់បន្ថែមទៀត​ នៅថ្ងៃទី៣​ ខែសីហា​ ឆ្នាំ២០១៨នេះ​ ដោយឡែក​ទន្លេមេគង្គ​ខេត្តកំពង់ចាម​ ទឹកអាចបន្តកើនឡើងបន្តិចបន្ថែមទៀត​ មុន​នឹង​ចាប់​ផ្ដើម​ស្រក​ចុះ​ នៅថ្ងៃទី៤​ ខែសីហា​ នេះ​ ចំពោះទន្លេមេគង្គក្រោម​ ទន្លេបាសាក់​ និងទន្លេសាប​ ទឹកអាចនឹងបន្តកើនឡើងសន្សឹមៗ​ ក្នុងរយះពេល១-២ថ្ងៃបន្ថែមទៀត។

លោក អ៊ុម​ វិបុល​ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម​ បាន​ឲ្យដឹងថា  សម្រាប់ខេត្តកំពង់ចាម​ ចាប់​គិតត្រឹមថ្ងៃទី២ ខែសីហា​​ ឆ្នាំ២០១៨នេះ ទឹកទន្លេ​មេគង្គបាន​ហក់​ឡើង​ក្នុង​មួយយប់ជិត០​២តឹក​ ធ្វើ​ឲ្យ​កម្ពស់​ទឹក​ទន្លេ​មេគង្គ​ក្នុងខេត្តកំពង់ចាមកើនឡើង​កម្ពស់​១៥,០២ម៉ែត្រ​ ធៀបនឹងថ្ងៃម្សិលមិញឡើង០,១៧ម៉ែត្រ​ គឺ​ធំជាង​​ឆ្នាំមុន​ដែល​មាន​កម្ពស់​ទឹក​​ត្រឹម​តែ១៤,៥៧ម៉ែត្រប៉ុណ្ណោះ​​ ខណៈ​​ដែល​កម្រិត​កម្ពស់​ទឹក​ត្រូវ​ប្រកាស​ឲ្យ​មាន​ការ​​ប្រុងប្រយ័ត្ន​គឺ​១៥,២០ម៉ែត្រ​។​

លោក​​ គួច​ ចំរើន​ អភិបាល​ខេត្តកំពង់ចាម​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ​មេគង្គ​ សូម​ឲ្យ​មាន​ការ​យកចិត្តទុក្ខដាក់ និងប្រុងប្រយ័ត្នខ្ពស់ នារដូវទឹកជំនន់​ឡើង​ខ្លាំង​នេះ និងសូមប្រុងប្រយ័ត្នចំពោះសត្វពស់ ក៏ដូចជាសត្វអសិរពិសនានាចឹក ។ លោកបាន​បញ្ជាក់​ថា​ បើក្នុងករណីមានសត្វអសិរពិសចឹកសូមបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាពដែលនៅជិតបំផុត ព្រោះមានក្រុមគ្រូពេទ្យ និងឱសថគ្រប់គ្រាន់សម្រាប់ព្យាបាល​ភ្លាមៗ​ផង​ដែរ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post