header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អភិបាលរាជធានី បានជំរុញឲ្យសមត្ថកិច្ចគ្រប់ផ្នែក សហការជាមួយអាជ្ញាធរខណ្ឌ បន្តយកចិត្តទុកដាក់ ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានជាប់ជាប្រចាំ ជូនប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន ដោយទុបស្កាត់ ការជូញដូរ និងប្រើប្រាស់គ្រឿងញៀន និងអំពើអសន្តិសុខនានា នៅក្នុងទឹកដីរាជធានីភ្នំពេញ ។

បើតាម លោក ម៉េត មាសភក្តី អ្នកនាំពាក្សសាលារាជធានីភ្នំពេញបានឲ្យដឹង នៅក្រោយកិច្ចប្រជុំ នៅល្ងាចថ្ងៃទី១៤ ខែសីហា នេះថា ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង បានវាយតម្លៃខ្ពស់ចំពោះកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានខិតខំប្រឹងប្រែង ធ្វើឲ្យរាជធានីភ្នំពេញ មានសន្តិសុខ សុវត្ថិភាពល្អ ទាំងក្នុងពេលយុទ្ធនាការស្វែងរកសម្លេងតឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត និតិកាលទី៦ កន្លងទៅនេះ បានយ៉ាងល្អ គួរជាទីមោទនៈដោយមិនខ្លាចនឿយហត់ ។

អ្នកនាំពាក្សរូបនេះបានបន្តថា លោក ឃួង ស្រេង ក៏បានណែនាំ ឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីផ្តល់នូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានព្រោះថា សន្តិសុខគឺជាសេចក្តីត្រូវការរួម របស់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញទាំងមូល ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ ។

មួយវិញទៀត លោក ឃួង ស្រេង បានរំលឹកឡើងវិញ ឲ្យអាជ្ញាធរបន្តពង្រឹង អាទិភាពមួយចំនួន ដែលបានអនុវត្ត ក្នុងអាណត្តិដែលឯកឧត្តមដឹកនាំក្នុងចំណោមកិច្ចការជាច្រើនដូចជា ការរៀបចំសណ្តាប់ ក្នុងរាជធានីភ្នំពេញ ពិសេស ផ្លូវទាំង១១ខ្សែ ដោយបន្តរៀបចំឲ្យបានល្អជាប្រចាំ នៅតាមដងផ្លូវនានា ក្នុងមូលដ្ឋានគ្រប់គ្រងនិមួយៗ ។

លោក អភិបាល បានជម្រុញឲ្យស្នងការនគរបាលរាជធានីភ្នំពេញ បន្តរៀបចំឲ្យមានរថយន្តស្ទូច និងកម្លាំង ដើម្បីរឹតបណ្តឹងចរាចរណ៍ ក៏ដូចជាការរៀបចំសណ្តាប់តាមដងផ្លូវ ដោយចាត់វិធានការទៅលើរថយន្ត ដែលចតមានគ្មានសណ្តាប់ធ្នាប់ ។ ហើយមន្ទីរសាធារណៈការ ក៏ត្រូវតែចាត់បញ្ជូនកម្លាំងចុះពិនិត្យស្លាកសញ្ញាចរាចរណ៍នៅគ្រប់ផ្លូវ ព្រោះមានទីតាំងខ្លះ មានលក្ខណៈចាស់ពុកផុស ឬ រលុបខ្លាំង ដែលទាមទារឲ្យមានការផ្លាស់ប្តូរថ្មី ដើម្បីបង្ហាញពីសញ្ញាចរាចរឲ្យបានភ្លឺច្បាស់ឡើងវិញ ។

ទន្ទឹមគ្នានេះដែរ សំរាមក៏ជាបញ្ហាប្រឈមមួយ ក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ ដែលទាមទារឲ្យគ្រប់ផ្នែកពាក់ព័ន្ធ បន្តអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងពីផលប៉ះពាល់ នៃការមិនយល់ដឹងពីការទុកដាក់សំរាមនេះ ។ បន្ទាប់ពីការ អប់រំ ផ្សព្វផ្សាយ ក្នុងពេលវេលាមួយ ដែលសមស្របហើយ ក៏ត្រូវគិតគូរទៅលើការផាកពិន័យ អន្តរក្រសួង ដែលមានស្រាប់ គួរតែមានវិធានការ ចំពោះការទុកដាក់សំរាម ដោយអនាធិបតេយ្យនៅតាមទីសធារណៈ មិនមានការវេចខ្ចប់ត្រឹមត្រូវ តាមការណែនាំ ។

នៅចំពោះមុខនេះដែរ បញ្ហាទឹកជំនន់ទន្លេ ក៏ជាកង្វល់មួយរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ ពីអាជ្ញាធរគ្រប់ផ្នែក ពិសេសបញ្ហាបាក់ច្រាំងទន្លេ នឹងត្រៀមលក្ខណៈឲ្យបានល្អ សម្រាប់ចាត់វិធានការបន្ទាន់ នៅពេលមានករណីណាមួយកើតឡើង ត្រូវធានាបានក្នុងការសង្រ្គោះអាយុជីវិត ឬ បង្ការមិនឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត របស់ប្រជាពលរដ្ឋនោះឡើយ គឺត្រូវចុះតាមដាន នូវស្ថានភាពទឹកជាប្រចាំ ពិសេសខណ្ឌដែលនៅតាមដងទន្លេ ។

លើសពីនេះលោកអភិបាលស្នើឲ្យការផ្តល់សេវា តាមច្រកចេញចូលតែមួយ ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការផ្តល់សេវាកម្ម ជូនប្រជាពលរដ្ឋ តាមគោលការណ៍ណែនាំ នៅគ្រប់សង្កាត់ ដោយមិនឲ្យមានការរាំងស្ទះណាមួយ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់នោះទេ ។ បន្ថែមពីនេះ ក៏បានស្នើឲ្យ ស្នងការនគរបាល ចេញសេចក្តីជូនដំណឹងឲ្យគ្រប់យានយន្តទាំងអស់ ជាពិសេសចំពោះម៉ូតូកង់បី ឲ្យទៅចុះបញ្ជីដោយទុករយៈពេលសមស្របណាមួយ ដើម្បីគ្រប់គ្រងឲ្យបានគត់មុត នៅពេលមានករណីណាមួយកើតឡើង ។

លោក អភិបាលរាជធានី ក៏បានបញ្ជាក់ថា នៅពេលកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញមោទនៈភាព ដែលកងកំលាំងសមត្ថកិច្ចរួមគ្នា ជាមួយអាជ្ញាធរដែនដី ខិតខំប្រឹងប្រែងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញបានល្អប្រសើរជូនប្រជាពលរដ្ឋ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post