header ads

Sponsor

ពិសី

ភ្នំពេញៈ គ្រប់គ្នាដឹង គ្រប់គ្នាឮ គ្រប់គ្នាបានឃើញ គ្រប់គ្នាសម្ដែងក្ដីរន្ធត់ តក់ស្លុតចំពោះមនុស្សស្លាប់ និងពិការដៃជើងរាល់ថ្ងៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។ ផ្លូវនិមួយៗ ឆ្អាបដោយក្លិនឈាម ពោរពេញដោយសំឡេងស្រែកយំដោយភាពឈឺចាប់របស់ជនរងគ្រោះ និងសាច់ញាតិរបស់គេ តែមនុស្សមួយចំនួននៅតែមិនព្រមភ្ញាក់រឭកគោរពច្បាប់ គោរពភ្លើង ឬសញ្ញាចរាចរណ៍ និងគោរពជីវិតគ្នា ពេលកំពុងបញ្ជាយានយន្តនៅលើដងផ្លូវ។

បច្ចុប្បន្ន គ្រោះថ្នាក់ចរាចរណ៍ជាឃាតកលាក់មុខ និងជាជំងឺសង្គមទី១ នៅកម្ពុជា ដែលសម្លាប់មនុស្សរាល់ថ្ងៃ។ ដូច្នេះគោរពជីវិតគ្នាទៅវិញទៅមកបានទេ? តម្រង់ជួរបានទេ? ផ្ដល់ក្តីអនុគ្រោះ និងអធ្យាស្រ័យឲ្យគ្នាតាមដងផ្លូវបានទេ? កុំរំលោភគន្លងផ្លូវរបស់គេបានទេ? គោរពច្បាប់ចរាចរណ៍ ភ្លើង ផ្លាក បានទេ? តើចង់បន្តឲ្យកើតមានមនុស្សគ្រោះថ្នាក់ស្លាប់ដល់ពេលណាទៀត?

បើទាំងអស់គ្នាគោរពជីវិតគ្នា គោរពច្បាប់ទាំងអស់គ្នា នោះគឺដូចយើងបានជួយសង្គ្រោះជីវិតគ្នាទៅវិញទៅមក ព្រោះនៅតាមដងផ្លូវ អ្នកបើកបរប្រើជីវិតរួមគ្នា។ ដូចនេះ សូមកុំបណ្តោយឲ្យជីវិតយើងគ្រប់គ្នាបាត់បង់តទៅទៀតនៅលើផ្លូវថ្នល់។ គ្រោះថ្នាក់ដូចរាល់ថ្ងៃច្រើនពេកហើយ ស្លាប់ពិការច្រើនពេកហើយ។

ជាក់ស្ដែង បុរសម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូត្រឡប់មកពីទិញបាយឆាវិញ បាន​វ៉ាក់អឺ​ជាមួយរថយន្ត បណ្ដាលឲ្យគាត់ចាប់ហ្វ្រាំងទាំងបង្ខំ ដួលបោកក្បាលស្លាប់យ៉ាងរន្ធត់បំផុត កាលពីវេលាម៉ោង១០៖៣០នាទី យប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខសាលាបឋមសិក្សាបឹងត្របែកខាងត្បូង ជិតច្រកចូលវត្តដំបូកខ្ពស់ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រុង សុខពៅ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរសន្ដិសុខ មានទីលំនៅភូមិក្បាលទំនប់១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ដែលឃើញហេតុការណ៍ផ្ទាល់ ប្រាប់ភ្នាក់ងារ ខេម ប៉ុស្តិ៍ ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-3918 ធ្វើដំណើរទិសដៅលិចមកកើត តាមបណ្ដោយផ្លូវ២៧១។ លុះមកដល់ចំណុចកើតហេតុ​ខាងលើ ជនរងគ្រោះបាន​វ៉ាក់អឺ​ជាមួយរថយន្ដមិនចាំម៉ាកមួយគ្រឿង បណ្ដាលឲ្យជនរងគ្រោះចាប់ហ្វ្រាំងទាំងបង្ខំ ហើយក៏ដួលម៉ូតូបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានជួយហៅរថយន្ដសង្គ្រោះដឹកយកទៅមន្ទីរពេទ្យដែរ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ទើបសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកមកផ្ទះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

នេះជាករណីមួយក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ជាច្រើនទៀត ដែលបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ កាលពីយប់មិញ។ ដូច្នេះជាការអំពាវនាវសម្រាប់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ចូរចងចាំជានិច្ចថា មនុស្សជាទីស្រឡាញ់របស់អ្នកកំពុងរង់ចាំផ្លូវអ្នកនៅផ្ទះ។ សូមបន្ថយល្បឿន និងគោរពច្បាប់ចរាចរណ៍។ អ្នកនៅខាងក្រៅមិនទាន់ចូលផ្ទះ ប្រញាប់ចូលផ្ទះវិញ ម៉ែទន្ទឹមចាំមើលផ្លូវនៅផ្ទះ គាត់មិនទាន់សម្រាន្តលក់ទេ បើគាត់មិនទាន់ដឹងថា កូនគាត់បានទៅផ្ទះគ្រប់គ្នាបានសុខហើយនោះ។ ដោយការគោរពពី​អង្គភាពសារព័ត៌មាន "ខេម ប៉ុស្តិ៍​ - Cam Post"៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post