រតនគិរីៈ យុវតីសិស្សសាលាម្នាក់ ត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុកហើយរត់គេចខ្លួនបាត់ស្រមោល ខណៈយុវតីរងគ្រោះកំពុងជិះម៉ូតូលើដងផ្លូវជាតិ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨៖១០នាទីយប់ថ្ងៃចន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៧៨ នៅត្រង់ចំណុចមុខកាឡាក់ស៊ី ស្ថិតនៅក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។
យុវតីរងគ្រោះឈ្មោះ ចាន់ ស្រីលីលី អាយុ១៧ឆ្នាំ ជាសិស្ស ជនជាតិវៀតណាម មានទីលំនៅភូមិ ជ័យនះ សង្កាត់ឡាបានសៀក ក្រុងបានលុង របួសធ្ងន់ ត្រូវបានដឹកបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីព្យាបាល ជិះម៉ូតូម៉ាក ធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ រតនគិរី 1B-6290 ចំណែករថយន្តបង្កមិនស្គាល់ម៉ាក ក្រោយកើតហេតុ បានបើករត់គេចខ្លួនបាត់ស្រមោលឈឹង។
ក្រោយកើតហេតុ ម៉ូតូត្រូវបានកម្លាំងជំនាញយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីស្វែងរករថយន្តបង្កហេតុមកទទួលខុសត្រូវចំពោះមុខច្បាប់៕