ភ្នំពេញៈ ស្រ្តីជាអាជីវករលក់សាច់ជ្រូកម្នាក់ ខណៈកំពុងជិះម៉ូតូទៅទិញសាច់ជ្រូក ត្រូវក្រុមចោរប្រដាប់អាវុធប្លន់យកម៉ូតូមួយគ្រឿងបានយ៉ាងស្រួល។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចខាងកើតសាលាមុំប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវ២០១១ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ស្រ្តីរងគ្រោះឈ្មោះ ស៊ី ណាត់ អាយុ២៥ឆ្នាំ ជាអាជីវកលក់សាច់ជ្រូក ស្នាក់នៅក្នុងបូរីមហាសែនសុខ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ស្រ្តីរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ស្កុបភី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CC-5026 ដោយជិះចេញពីផ្ទះនៅបុរីមហាសែនសុខ គោលបំណងទៅទិញសាច់ជ្រូកនៅផ្សារដីហុយ ដើម្បីយកមកលក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២០១១ ក្នុងទិសដៅពីលិចទៅកើត តាមដងផ្លូវ ស្រាប់តែលេចមុខក្រុមជនសង្ស័យ៤នាក់ ជិះម៉ូតូពីរគ្រឿង មួយគ្រឿងម៉ាកនិច មួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម មិនចាំស្លាកលេខ ប្រដាប់ដោយដាវសាំមូរ៉ៃ ជិះដេញតាមពីក្រោយ លុះមកដល់ចំណុចកើតហេតុដែលមានភ្លើងភ្លឺៗនៅខាងមុខផ្ទះប្រជាពលរដ្ឋ ហើយដោយគាត់ដឹងខ្លួនថា មានក្រុមជនសង្ស័យកំពុងជិះដេញតាមពីក្រោយ ពេលនោះគាត់បានឈប់ម៉ូតូ ព្រោះគិតថា មានមនុស្សក្រែងអាចពឹងពាក់បាន តែបែរជាគ្មានមនុស្សនៅទៅវិញ រួចក្រុមជនសង្ស័យក៏បានជិះមកកាក់ម៉ូតូគាត់ ហើយគាត់ភ័យខ្លាំងពេក ក៏ចុះពីលើម៉ូតូ រួចក្រុមជនសង្ស័យឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ស្រ្តីរងគ្រោះបន្តថា នៅក្នុងកែបម៉ូតូរបស់គាត់ ដែលត្រូវក្រុមជនសង្ស័យប្លន់យកនោះ មានទូរសព្ទដៃចំនួន២គ្រឿង លុយ២០០ដុល្លារ។
ក្រោយពេលកើតហេតុស្ត្រីរងគ្រោះបានទាក់ទងហៅប្តីឲ្យមកដឹកទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ជនសង្ស័យ និងយកម៉ូតូរបស់ខ្លួនត្រឡប់មកវិញ៕