![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNxr4Ggsh5Wt3e-t_Ln6ap8vSXHTlKngzWnumw8Th2OardoVDFVk15vfkX-OiyLQqkzs4y-XjpF2P4iVwjEt-ZMyQfCXayVG-wL_m4Qxst3YtFnPTOGRM3so8taR9dxd7q_GM7jUEE2s8/s1600/Thumbnail-Recovered.jpg)
ភ្នំពេញៈ សិស្សវិទ្យាល័យវត្តភ្នំម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួន ក្រោយពីពួកគេធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបស្ពាយពីនារីម្នាក់។
ករណីឆក់ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៣៖២០នាទីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅមុខអគារស៊ីធីឡៃ ផ្លូវលេខR11 ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយឃាត់ខ្លួនបាន នៅចំណុចមុខផ្ទះលេខ១០៤ដេ ផ្លូវលេខ៧០ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1vxiWghoHuW4040wt9DXa_m9GcTDzkBO2qVbwTygYy04rt6rvj6_OndvMNjB_u_o5zVm6s99rXohP1m1JcZMoACTdivrkYjea-4MpS1ypJCTTgpfLJY3E0idWzcabeT8him2V_kdWHBc/s1600/557876602.jpg)
ជនសង្ស័យ ដែលឃាត់ខ្លួនបាននោះ ឈ្មោះ លីវ មុងខា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សិស្សថ្នាក់ទី៩សេ១ រៀននៅសាលាវត្តភ្នំ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (អ្នកបើកម៉ូតូបិតគូទ)។ ចំណែកបក្ខពួក៣នាក់ទៀត ដែលរត់គេចខ្លួន ទី១.ឈ្មោះ អាសាន់ ភេទប្រុស អាយុ១៩ឆ្នាំ អ្នកជិះពីក្រោយ ឈ្មោះ លីវ មុងខា។ ២.ឈ្មោះ អាជា ភេទប្រុស អាយុ១៨ឆ្នាំ អ្នកឆក់កាបូប។ ៣.ឈ្មោះ អាជី ភេទប្រុស អាយុ១៨ឆ្នាំ អ្នកបើកម៉ូតូដឹកឈ្មោះ អាជា។ ចំណែកជនរងគ្រោះឈ្មោះ ដឿន លីដា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះលេខ៦គ ផ្លូវម៉ៃដា ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeHgeUFYCu4qt3dV-JwWedLK3s2gdXNHP39wfzzf4lZ9mt1xY4il9xKRD_zqAOKXDetwIoZ7Miggvk4MbFqOU4ZRE5mU3D3jnEMONCxoiBEGvQ-IBlWQfBKrz9EuIoSEF3T6sXtkxzfiA/s1600/557876604.jpg)
នារីរងគ្រោះ បានឲ្យដឹងថា សម្ភារៈបាត់បង់កាបូបស្ពាយពណ៌ខ្មៅមួយ ក្នុងនោះមានប្រាក់ចំនួន៥០០$(ប្រាំរយដុល្លារ) ខ្សែកផ្លាកទីនទម្ងន់៥ជី ជញ្ចៀន២វង់ ផ្លាកទីនទម្ងន់៣ជី ប័ណ្ណសម្គាល់រថយន្ត២សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៣សន្លឹក និងទូរស័ព្ទដៃម៉ាកណូគាមួយគ្រឿង។
ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតម៉ូតូមួយគ្រឿងម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS-6839 (ជារបស់ជនសង្ស័យឈ្មោះ លីវ មុងខា ជិះបិតគូថ)។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការបន្ត៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW55znkpQhtB_fh3u7RKegVYHGEw33AwyBeoDwWSK1vfR5dJf3LYN9-bFFUYVFKSQA5AYcYfBZRevdZrs3PHXYrwIdB51sYjoRjPmBWwgv-fWb404gSeYKiQeg1TZ4-FqX-vDXflWdC_E/s1600/557876605.jpg)